(ហ្គាហ្សា)៖ ការវាយប្រហាររបស់អ៊ីស្រាអែល នៅថ្ងៃអង្គារនេះ បានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងតិច ២៩នាក់បន្ថែមទៀតនៅទូទាំងតំបន់ហ្គាហ្សា ខណៈដែលជម្លោះដោយផ្ទាល់រវាងអ៊ីស្រាអែល និងអ៊ីរ៉ង់នៅតែបន្តឡើងកម្ដៅ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters។

ក្រុមគ្រូពេទ្យបានរាយការណ៍ថា មនុស្ស ១៩នាក់ត្រូវបានសម្លាប់ដោយការបាញ់ប្រហារ នៅពេលពួកគេព្យាយាមទៅដល់ចំណុចចែកចាយជំនួយមួយនៅកណ្ដាលតំបន់ហ្គាហ្សា។ ដោយឡែក មនុស្ស ១០នាក់ផ្សេងទៀតត្រូវបានសម្លាប់ក្នុងការវាយប្រហារតាមអាកាសមួយផ្សេងទៀតទៅលើផ្ទះមួយក្នុងសង្កាត់ Sabra នៃទីក្រុងហ្គាហ្សា។

មានរបាយការណ៍ផ្ទុយគ្នាជុំវិញហេតុការណ៍នៅកន្លែងផ្តល់ជំនួយ។ អ្នកស្រុកប៉ាឡេស្ទីនចោទប្រកាន់ទាហានអ៊ីស្រាអែលថាបានបាញ់ប្រហារលើហ្វូងមនុស្ស។ យោធាអ៊ីស្រាអែលបាននិយាយថា ខ្លួនកំពុងពិនិត្យមើលរបាយការណ៍ ប៉ុន្តែទទួលស្គាល់ថាបានបាញ់លើ «ជនសង្ស័យ»។ ចំណែកឯមូលនិធិ GHF ដែលគាំទ្រដោយអាមេរិក និងប្រតិបត្តិការនៅទីនោះ បានបដិសេធថាគ្មានឧបទ្ទវហេតុហិង្សានៅជិតទីតាំងរបស់ខ្លួនទេ។

គួរបញ្ជាក់ថា អំពើហិង្សានៅហ្គាហ្សានេះ កើតឡើងស្របពេលដែលអ៊ីស្រាអែល និងអ៊ីរ៉ង់បាននិងកំពុងវាយប្រហារគ្នាទៅវិញទៅមកដោយផ្ទាល់អស់រយៈពេលជិតពីរសប្តាហ៍មកហើយ។ ទោះបីជាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសពីបទឈប់បាញ់រវាងមហាអំណាចទាំងពីរនៅថ្ងៃអង្គារនេះក៏ដោយ ក៏លោកផ្ទាល់បានចេញមកស្ដីបន្ទោសអ៊ីស្រាអែលពីការរំលោភបទឈប់បាញ់នេះ ដែលបង្ហាញពីភាពតានតឹងដែលនៅតែបន្តកើតមាន៕