(តេហេរ៉ង់)៖ រដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់ លោក Abbas Araghchi នៅថ្ងៃអង្គារ ទី២៤ ខែមិថុនា បាននិយាយថាក្នុងពេលឥលូវនេះ មិនទាន់មានកិច្ចព្រមព្រៀងបទឈប់បាញ់ជាមួយអ៉ីស្រាអែលនោះទេ ក្រោយលោក ត្រាំ ប្រកាសពីការឈានដល់បទឈប់បាញ់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ការលើកឡើងរបស់ប្រមុខការទូតអ៉ីរ៉ង់ ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសពីបទឈប់បាញ់មួយរវាងអ៉ីស្រាអែល និងអ៉ីរ៉ង់កាលពីថ្ងៃចន្ទ។ តាមលោក Araghchi ក្នុងពេលឥលូវ មិនទាន់មានកិច្ចព្រមព្រៀងលើបទឈប់បាញ់ណាមួយ ឬការបញ្ឈប់ប្រតិបត្តិការយោធានៅឡើយទេ។ លោក Araghchi បន្ថែមថា «ប្រសិនបើរបបអ៉ីស្រាអែលបញ្ឈប់សកម្មភាពឈ្លានពាន ខុសច្បាប់របស់ខ្លួនប្រឆាំងនឹងប្រជាជនអ៉ីរ៉ង់ នោះយើងមិនមានបំណងបន្តការឆ្លើយតបរបស់យើងបន្ទាប់ពីនោះ នោះទេ»

គួរបញ្ជាក់ថា ការប្រកាសពីការឈានដល់បទឈប់បាញ់រវាងអ៉ីស្រាអែល និងអ៉ីរ៉ង់របស់លោក ត្រាំ កើតមានឡើង តែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីអ៉ីរ៉ង់បើកការវាយប្រហារដោយបាញ់មីស៊ីល លើមូលដ្ឋានទ័ពអាមេរិក Al Udeid Air ក្នុងប្រទេសកាតា ជាការសងសឹកទៅនឹងការទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិកលើទីតាំងនុយក្លេអ៊ែររបស់ខ្លួនកាលពីចុងសប្ដាហ៍កន្លងទៅ៕