(បាងកក)៖ តុលាការធម្មនុញ្ញថៃ នៅថ្ងៃចន្ទ ទី២៣ ខែមិថុនា ត្រូវបានរំពឹងថានឹងចាប់ផ្ដើមការត្រួតពិនិត្យជាបឋម លើញត្តិមួយដាក់ជូនដោយសមាជិកព្រឹទ្ធសភាមួយក្រុម ដើម្បីទាមទារឱ្យទម្លាក់លោកស្រី Paetongtarn Shinawatra ចេញពីតំណែងនាយករដ្ឋមន្ត្រី។ នេះបើតាមកាសែត Bangkok Post។
ញត្តិខាងលើដែលត្រូវបានដាក់ជូនលេខាធិការដ្ឋាននៃតុលាការធម្មនុញ្ញថៃកាលពីសប្ដាហ៍មុន នឹងត្រូវឆ្លងកាត់ការត្រួតពិនិត្យបឋមដោយក្រុមមន្ត្រី ដើម្បីកំណត់ថាតើញត្តិនេះ បំពេញតាមគ្រប់លក្ខខណ្ឌតម្រូវសម្រាប់យកទៅពិចារណាឬក៏អត់? ដំណើរការត្រួតពិនិត្យបឋមនេះរួមមាន ការផ្ទៀងផ្ទាត់ហត្ថលេខារបស់អ្នកដាក់ញត្តិ ហើយមន្ត្រីតុលាការ នឹងត្រួតពិនិត្យថាតើហេតុផលដែលត្រូវបានលើកឡើងដើម្បីដកតំណែងលោកស្រី Paetongtarn អនុលោមតាមរដ្ឋធម្មនុញ្ញដែរឬទេ?
ក្នុងករណីដែលដំណើរការនេះត្រូវបានបិទបញ្ចប់នៅថ្ងៃអង្គារស្អែក នោះញត្តិខាងលើអាចនឹងត្រូវបានយកទៅពិចារណានៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ៕