(សេអ៊ូល)៖ នៅថ្ងៃចន្ទ ទី២៣ ខែមិថុនា ប្រធានាធិបតីថ្មីកូរ៉េខាងត្បូង លោក Lee Jae Myung បានតែងតាំងរដ្ឋមន្រ្តីការពារជាតិថ្មី និងរដ្ឋមន្រ្តីការបរទេសថ្មី សម្រាប់រដ្ឋបាលរបស់លោក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
សមាជិកសភាជើងចាស់ លោក Ahn Gyu-back ត្រូវបានតែងតាំងជារដ្ឋមន្រ្តីការពារជាតិ។ ប្រការនេះក៏ធ្វើឱ្យ លោក Ahn ជាប់ឈ្មោះជា រដ្ឋមន្រ្តីការពារជាតិស៉ីវិលដំបូងបំផុត ក្នុងរយៈពេល៦៤ឆ្នាំ របស់កូរ៉េខាងត្បូងផងដែរ។ រីឯអតីតឯកអគ្គរដ្ឋទូតប្រចាំនៅ UN លោក Cho Hyun ត្រូវបានតែងតាំងជា រដ្ឋមន្រ្តីការបរទេស។ ក្រៅពីនេះ លោក Lee បានតែងតាំងរដ្ឋមន្រ្តីចំនួន៩រូបផ្សេងទៀត រួមមានទាំង លោក Chung Dong-young ជារដ្ឋមន្រ្តីក្រសួងបង្រួបបង្រួម ដែលទទួលបន្ទុកទំនាក់ទំនងអន្តរកូរ៉េ។
គួរបញ្ជាក់ថា លោក Lee Jae Myung បានឡើងកាន់អំណាចជាប្រធានាធិបតីកូរ៉េខាងត្បូង កាលពីថ្ងៃទី៤ ខែមិថុនា ក្រោយទទួលជ័យជម្នះក្នុងការបោះឆ្នោតសកល ដែលរៀបចំឡើង បន្ទាប់ពីអតីតមេដឹកនាំ លោក Yoon Suk Yeol ត្រូវបានទម្លាក់ចេញពីតំណែង ដោយសារតែការប៉ុនប៉ងដាក់ប្រទេសក្រោមច្បាប់អាជ្ញាសឹក កាលពីចុងឆ្នាំមុន៕