(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃអាទិត្យ ទី២២ ខែមិថុនា ក្រសួងការបរទេសអាមេរិក បានចេញសារណែនាំឱ្យប្រុងប្រយ័ត្នទូទាំងពិភពលោក សម្រាប់ពលរដ្ឋអាមេរិក ដោយនិយាយថា ជម្លោះនៅមជ្ឈិមបូព៌ាអាចនឹងធ្វើឱ្យអ្នកដែលកំពុងធ្វើដំណើរ ឬរស់នៅក្រៅប្រទេស ប្រឈមហានិភ័យខ្ពស់ផ្នែកសន្តិសុខ។ នេះបើតាមាករចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

សារណែនាំរបស់ក្រសួងការបរទេសអាមេរិក បានននិយាយដូច្នេះថា «ជម្លោះរវាងអ៉ីស្រាអែលនិងអ៉ីរ៉ង់ បានបង្កឱ្យមានការរំខានចំពោះ​ការធ្វើដំណើរ និងការបិទដែនអាកាស នៅពាសពាញមជ្ឈិមបូព៌ា។ ទន្ទឹមគ្នា ក៏មានលទ្ធភាពនៃការធ្វើបាតុកម្មតវ៉ាប្រឆាំងពលរដ្ឋ ឬមួយក៏​ផលប្រយោជន៍អាមេរិកនៅក្រៅប្រទេសផងដែរ។ ដូច្នេះហើយ ក្រសួងការបរទេស សូមណែនាំឱ្យពលរដ្ឋអាមេរិកនៅជុំវិញពិភពលោក បង្កើនការប្រុងប្រយ័ត្នជាងមុន»

យ៉ាងណាមិញ សេចក្តីថ្លែងការណ៍ខាងលើ ពុំមានការលើកឡើងអំពីការទម្លាក់គ្រាប់បែករបស់អាមេរិក លើទីតាំងនុយក្លេអ៊ែរអ៉ីរ៉ង់ឡើយ ជាទង្វើដែល​ទីក្រុងតេហេរ៉ង់បាននិយាយថា នឹងមានផលវិបាកដែលពុំអាចជួសជុលបាន។ កាលពីថ្ងៃអាទិត្យ អ៉ីរ៉ង់បានគំរាមមូលដ្ឋានអាមេរិកនៅមជ្ឈិមបូព៌ា ហើយព្រមានថា កងកម្លាំងអាមេរិក អាចនឹងត្រូវវាយប្រហារ ដើម្បីជាការសងសឹក។

គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍ អាមេរិកបានចាប់ផ្តើមជើងហោះហើរជម្លៀសចេញពីអ៉ីស្រាអែល សម្រាប់ពលរដ្ឋអាមេរិក និងជនជាតិអាមេរិក ដែលមានទីលំនៅអចិន្រ្តៃយ៍នៅអ៉ីស្រាអែល ឬតំបន់ West Bank។ មិនតែប៉ុណ្ណោះ អាមេរិកក៏បានបង្គាប់ឱ្យ​បុគ្គលិកនៅតាមស្ថាបបេសកក​ម្មការទូតរបស់ខ្លួន ក្នុងប្រទេសអ៉ីរ៉ាក់និងលីបង់ ចាកចេញពីប្រទេសទាំងនោះ ផងដែរ៕