(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio កាលពីថ្ងៃអាទិត្យ ទី២២ ខែមិថុនា បានអំពាវនាវឱ្យចិនបញ្ចុះបញ្ចូលអ៉ីរ៉ង់កុំឱ្យបិទច្រកសមុទ្រ Hormuz បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនទម្លាក់គ្រាប់បែកលើទីតាំងនុយក្លេអ៊ែររបស់អ៉ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
លោក Rubio ធ្វើការអត្ថាធិប្បាយបែបនេះនៅក្នុងបទសម្ភាសន៍ជាមួយកម្មវិធី Sunday Morning Futures នៃស្ថានីយទូរទស្សន៍ Fox News និងបន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយអ៉ីរ៉ង់បានរាយការណ៍ថា សភាអ៉ីរ៉ង់បានអនុម័តវិធានការមួយដើម្បីបិទច្រកសមុទ្រ Hormuz ជាទីដែល ២០ភាគរយនៃប្រេង និងឧស្ម័នត្រូវបានដឹកជញ្ជូនតាមចក្រសមុទ្រមួយនេះ។ លោក Rubio បានគូសបញ្ជាក់ថា លោកបានជំរុញឱ្យរដ្ឋាភិបាលចិនក្នុងទីក្រុងប៉េកាំងប្រាប់អ៉ីរ៉ង់កុំឱ្យបិទច្រកសមុទ្រ Hormuz ពីព្រោះថាចិនពឹងផ្អែកយ៉ាងខ្លាំងលើច្រកសមុទ្រនេះដើម្បីប្រេង។
តាមប្រមុខការទូតអាមេរិករូបនេះ ប្រទេសផ្សេងទៀតរួមមានទាំងចិន នឹងរងផលប៉ះពាល់ធ្ងន់ធ្ងរ ខ្លាំងជាងសហរដ្ឋអាមេរិកទៅទៀត ប្រសិនបើអ៉ីរ៉ង់បិទច្រកសមុទ្រនេះមែន ហើយថាការបិទ ច្រកសមុទ្រ Hormuz គឺជាទង្វើបង្កើនជម្លោះដែលនឹងតម្រូវឱ្យសហរដ្ឋអាមេរិក និងបណ្ដាប្រទេសដទៃឆ្លើយតបឱ្យបានស័ក្តិសម។ ខាងស្ថានទូតចិនប្រចាំទីក្រុងវ៉ាស៊ីនតោនភ្លាមៗមិនបានធ្វើ អត្ថាធិប្បាយអ្វីទេ។ ប៉ុន្តែ ចិនកាលពីថ្ងៃអាទិត្យ បានថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហាររបស់សហរដ្ឋអាមេរិកលើទីតាំងនុយក្លេអ៊ែរអ៉ីរ៉ង់ ដោយចាត់ទុកថាជាសកម្មភាពបំពានលើ គោលការណ៍ធម្មនុញ្ញរបស់ UN និងច្បាប់អន្តរជាតិ ហើយមានតែបង្កើនភាពតានតឹងក្នុងតំបន់មជ្ឈិមបូព៌ាតែប៉ុណ្ណោះ៕