(តេហេរ៉ង់)៖ អ៉ីរ៉ង់ កាលពីថ្ងៃអាទិត្យ ទី២២ ខែមិថុនា បានគំរាមវាយប្រហារលើមូលដ្ឋានទ័ពអាមេរិក នៅក្នុងតំបន់មជ្ឈិមបូព៌ា បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានបើកការវាយប្រហារទម្លាក់គ្រាប់បែក ដ៏សម្បើមមួយដែលលោក ដូណាល់ ត្រាំ អះអាងថាបានកម្ទេចកម្មវិធីនុយក្លេអ៊ែរអ៉ីរ៉ង់ ទោះបីជាក្រុមមន្ត្រីមួយចំនួននិយាយថាទំហំនៃការខូចខាតស្ថិតក្នុងភាពមន្ទិលសង្ស័យក៏ដោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

លោក Ali Akbar Velayati ជាទីប្រក្សាម្នាក់របស់មេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ayatollah Ali Khamenei បាននិយាយថាមូលដ្ឋានទ័ពដែលត្រូវបានប្រើប្រាស់ដោយកងកម្លាំងអាមេរិកអាចនឹង ត្រូវបានវាយប្រហារនៅក្នុងការសងសឹក។ «ប្រទេសណាមួយនៅក្នុងតំបន់ ឬនៅទីណាក៏ដោយដែលត្រូវបានកងកម្លាំងអាមេរិកប្រើដើម្បីទម្លាក់គ្រាប់បែកលើអ៉ីរ៉ង់ នឹងត្រូវបានចាត់ទុកថាជា គោលដៅស្របច្បាប់សម្រាប់កងកម្លាំងប្រដាប់អាវុធរបស់យើង»

គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រាប់ឱ្យអ៉ីរ៉ង់បិទបញ្ចប់ជម្លោះ ក្រោយរូបលោកចេញបញ្ជាឱ្យយោធាអាមេរិកទម្លាក់គ្រាប់បែកលើរោងចក្រនុយក្លេអ៊ែរអ៉ីរ៉ង់ចំនួន ៣ គឺ Fordow Isfahan និង Natanz ហើយទាំងព្រមានទៀតផងថាអ៉ីរ៉ង់នឹងត្រូវខ្លាំងជាងនេះ ប្រសិនបើហ៊ានតដៃសងសឹកវិញ។ ក្រោយចូលរួមជាមួយអ៉ីស្រាអែកវាយប្រហារលើអ៉ីរ៉ង់ ក្រសួងការបរទេសអាមេរិក កាលពីថ្ងៃអាទិត្យ បានព្រមានឱ្យពលរដ្ឋអាមេរិកមានការប្រុងប្រយ័ត្នទាំងការធ្វើដំណើរទៅក្រៅប្រទេស ឬពលរដ្ឋអាមេរិកកំពុងរស់នៅក្រៅប្រទេស៕