(ប៉េកាំង)៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បាននិយាយនៅថ្ងៃអាទិត្យនេះថា ប្រទេសចិនថ្កោលទោសយ៉ាងខ្លាំងក្លា ចំពោះការវាយប្រហាររបស់សហរដ្ឋអាមេរិកទៅលើប្រទេសអ៊ីរ៉ង់ និងការទម្លាក់គ្រាប់បែកលើទីតាំងនុយក្លេអ៊ែរដែលស្ថិតក្រោមការធានារបស់ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA)។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃអាទិត្យ ទី២២ ខែមិថុនា ឆ្នាំ២០២៥។

អ្នកនាំពាក្យរូបនេះ បានធ្វើការកត់សម្គាល់នេះ នៅពេលត្រូវបានស្នើសុំឲ្យធ្វើអត្ថាធិប្បាយលើការប្រកាសរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ថា សហរដ្ឋអាមេរិកបានវាយប្រហារទីតាំងនុយក្លេអ៊ែរចំនួនបីនៅក្នុងប្រទេសអ៊ីរ៉ង់។ អ្នកនាំពាក្យបានថ្លែងថា «សកម្មភាពរបស់សហរដ្ឋអាមេរិក បានរំលោភយ៉ាងធ្ងន់ធ្ងរលើគោលបំណង និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ ហើយបានធ្វើឲ្យភាពតានតឹងនៅមជ្ឈិមបូព៌ាកាន់តែធ្ងន់ធ្ងរឡើង»។

លោកបានបន្ថែមថា ចិនអំពាវនាវឲ្យភាគីនៃជម្លោះ «ជាពិសេសអ៊ីស្រាអែល ត្រូវឈានដល់បទឈប់បាញ់ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ធានាសុវត្ថិភាពជនស៊ីវិល និងចាប់ផ្តើមការសន្ទនា និងការចរចា»។

លោកបានបញ្ជាក់ថា «ចិនត្រៀមខ្លួនជាស្រេចដើម្បីធ្វើការជាមួយសហគមន៍អន្តរជាតិ ដើម្បីប្រមូលផ្តុំកិច្ចខិតខំប្រឹងប្រែងរួមគ្នា និងគាំទ្រយុត្តិធម៌ ហើយធ្វើការដើម្បីស្តារសន្តិភាព និងស្ថិរភាពនៅមជ្ឈិមបូព៌ា»។

គួរបញ្ជាក់ថា ការថ្កោលទោសរបស់ចិននេះ បានកើតមានឡើងស្របពេលនឹងការថ្កោលទោសពីប្រទេសរុស្ស៊ី ដែលជាមហាអំណាចមួយទៀតក្នុងក្រុមប្រឹក្សាសន្តិសុខ ដែលបង្ហាញពីជំហរប្រឆាំងនឹងប្រតិបត្តិការយោធារបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល៕