(មូស្គូ)៖ ក្រសួងការបរទេសរុស្ស៊ី បានចេញសេចក្ដីថ្លែងការណ៍មួយនៅថ្ងៃអាទិត្យ ដោយបានថ្កោលទោសយ៉ាងខ្លាំងក្លា ចំពោះការវាយប្រហាររបស់សហរដ្ឋអាមេរិកលើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ដោយចាត់ទុកថាជា «ការសម្រេចចិត្តដែលគ្មានការទទួលខុសត្រូវ» និងជា «ការរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ»។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន The Times of Israel នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥។
សេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេសបានបញ្ជាក់ថា «ការសម្រេចចិត្តដែលគ្មានការទទួលខុសត្រូវ ក្នុងការធ្វើឲ្យទឹកដីនៃរដ្ឋអធិបតេយ្យមួយរងការវាយប្រហារដោយមីស៊ីល និងគ្រាប់បែក... គឺរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ...»។ ក្រសួងក៏បានអំពាវនាវឲ្យមាន «ការបញ្ឈប់អំពើឈ្លានពាន និងបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើឲ្យស្ថានការណ៍វិលត្រឡប់ទៅរកផ្លូវនយោបាយ និងការទូតវិញ»។
គួរបញ្ជាក់ថា ការថ្កោលទោសនេះ ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសកាលពីយប់ថ្ងៃសៅរ៍ថា កងកម្លាំងអាមេរិក និងអ៊ីស្រាអែលបានវាយប្រហារយ៉ាងជោគជ័យលើទីតាំងនុយក្លេអ៊ែរសំខាន់ៗចំនួនបីរបស់អ៊ីរ៉ង់៕