(ញូវយ៉ក)៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres នៅថ្ងៃអាទិត្យនេះ បានសម្តែង «ការព្រួយបារម្ភយ៉ាងខ្លាំង» ចំពោះ «ការប្រើប្រាស់កម្លាំងរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងអ៊ីរ៉ង់» ដោយព្រមានថា ជម្លោះអ៊ីស្រាអែល-អ៊ីរ៉ង់ ដែលកំពុងកើនឡើង អាចនឹងចេញផុតពីការគ្រប់គ្រងយ៉ាងឆាប់រហ័ស ជាមួយនឹងផលវិបាកមហន្តរាយ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Alarabiya នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥។
ការអត្ថាធិប្បាយរបស់លោក Guterres បានកើតមានឡើង បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា ការវាយប្រហាររបស់អាមេរិកបាន «បំផ្លាញទាំងស្រុង» នូវទីតាំងនុយក្លេអ៊ែរសំខាន់ៗចំនួនបីនៅអ៊ីរ៉ង់ គឺ Fordow, Isfahan និង Natanz។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញ ដោយអ្នកនាំពាក្យរបស់លោក លោក Guterres បានថ្លែងថា «នេះគឺជាការកើនឡើងដ៏គ្រោះថ្នាក់មួយនៅក្នុងតំបន់ដែលតានតឹងរួចទៅហើយ និងជាការគំរាមកំហែងដោយផ្ទាល់ដល់សន្តិភាព និងសន្តិសុខអន្តរជាតិនៅក្នុងគ្រាដ៏លំបាកនេះ វាមានសារៈសំខាន់ណាស់ក្នុងការបញ្ចៀសនូវវង់វិលនៃភាពវឹកវរ»។
អគ្គលេខាធិការអង្គការសហប្រជាជាតិរូបនេះ ក៏បានអំពាវនាវឲ្យរដ្ឋជាសមាជិកទាំងអស់ បន្ធូរបន្ថយភាពតានតឹង និងគោរពតាមកាតព្វកិច្ចរបស់ខ្លួនក្រោមធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ។ លោកបានបន្ថែមថា «គ្មានដំណោះស្រាយយោធាទេ។ ផ្លូវតែមួយគត់ឆ្ពោះទៅមុខគឺការទូត។ ក្តីសង្ឃឹមតែមួយគត់គឺសន្តិភាព»។
គួរបញ្ជាក់ថា ការអំពាវនាវរបស់ប្រមុខអង្គការសហប្រជាជាតិនេះ ធ្វើឡើងខណៈដែលតំបន់មជ្ឈិមបូព៌ា កំពុងប្រឈមមុខនឹងហានិភ័យនៃសង្គ្រាមទ្រង់ទ្រាយធំ ដែលមិនធ្លាប់មានពីមុនមក៕