(វ៉ាស៉ីនតោន)៖ បន្ទាប់ពីយោធាអាមេរិក បានចូលរួមក្នុងសង្រ្គាមរបស់អ៉ីស្រាអែល វាយប្រហារលើទីតាំងនុយក្លេអ៊ែររបស់អ៉ីរ៉ង់ អាជ្ញាធរក្នុងទីក្រុងធំៗរបស់សហរដ្ឋអាមេរិក បាននាំគ្នាបង្កើនការរឹតបន្តឹងសន្តិសុខ នៅតាមទីតាំងផ្សេងៗ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Fox News នាថ្ងៃអាទិត្យ ទី២២ ខែមិថុនា ឆ្នាំ២០២៥។

អាជ្ញាធរអាមេរិកនៅទីក្រុងដូចជា New York, Washington DC និង Los Angeles បានឱ្យដឹងថា ពួកគេបានដាក់ពង្រាយ​កងកម្លាំងបន្ថែម នៅតាមទីតាំងសាសនា វប្បធម៌ និងការទូត ទូទាំងទីក្រុង ដើម្បីជាវិធានការបង្ការ ក្រោយស្ថានការណ៍វិវត្តនៅអ៉ីរ៉ង់។ អាជ្ញាធរអាមេរិក បាននិយាយថា មកទល់ពេលនេះ មិនទាន់មានសញ្ញានៃការគំរាមកំហែងភ្លាមៗណាមួយនោះទេ ប៉ុន្តែបានទទូចឱ្យ​សាធារណជន បង្កើនការប្រុងប្រយ័ត្នសុវត្ថិភាព។

គួរបញ្ជាក់ថា ការរឹតបន្តឹងសុវត្ថិភាពខាងលើកើតមាន បន្ទាប់ពីអាមេរិក បានទម្លាក់គ្រាប់បែកលើទីតាំងនុយក្លេអ៊ែរសំខាន់ៗ​ចំនួន៣របស់អ៉ីរ៉ង់ គឺ Esfahan, Fordow និង Natanz នាថ្ងៃអាទិត្យនេះ ដែលជាការចូលរួមក្នុងសង្រ្គាមផ្លូវអាកាសរបស់សម្ព័ន្ធមិត្តខ្លួនគឺអ៉ីស្រាអែល ប្រឆាំងនឹងអ៉ីរ៉ង់៕