(ប៉េកាំង)៖ “ទីផ្សារចិនមិនត្រឹមតែពោរពេញទៅដោយកាលានុវត្តភាពប៉ុណ្ណោះទេ ថែមទាំងក៏អាចជឿទុកចិត្ត បាននិងប្រកាន់ខ្ជាប់ការធ្វើតាមពាក្យសន្យាផងដែរ ។ ដូច្នេះខ្ញុំយល់ឃើញថា អនាគតគឺស្ថិតនៅប្រទេសចិន ។” ក្នុងកិច្ចប្រជុំកំពូលក្រុង Qingdao របស់ថ្នាក់ដឹកនាំក្រុមហ៊ុនពហុជាតិលើកទី៦ ដែលទើបបញ្ចប់ លោក Gianni Di Giovanni ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Eni របស់អ៊ីតាលីប្រចាំចិនបានបញ្ចេញមតិយោបល់របស់ខ្លួន ។ ក្នុងកិច្ចប្រជុំលើកនេះ មន្ត្រីជាន់ខ្ពស់នៃក្រុមហ៊ុនទុនបរទេសជាច្រើនរូប បានពិពណ៌នាប្រទេសចិនដោយប្រើពាក្យដូចជា “ទីផ្សារយុទ្ធសាស្ត្រដ៏សំខាន់” “ធំបំផុតលើទូទាំងពិភពលោក” និង“គួរឱ្យរំភើបចិត្ត”ជាដើម ដែលសម្គាល់ឃើញថា ទីផ្សារចិនមាន “ឧត្តមភាព ដែលមិនអាចប្រៀបផ្ទឹមបាន”។

ក្នុងនាមជាសកម្មភាពផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មថ្នាក់ជាតិទីមួយរបស់ចិន ដែលបង្កើតឡើងសម្រាប់ក្រុមហ៊ុនពហុជាតិ កិច្ចប្រជុំកំពូលលើកនេះបានទាក់ទាញភ្ញៀវកិត្តិយសចំនួន៥៧០រូប នៃក្រុមហ៊ុនពហុជាតិចំនួន៤៦៥ដែលមកពីទ្វីបទាំង៦ លើទូទាំងពិភពលោក ដែលបំបែកកំណត់ត្រាថ្មីក្នុងប្រវត្តិសាស្ត្រ ។ កិច្ចប្រជុំកំពូលលើកនេះបានចុះហត្ថលេខាលើ គម្រោងដ៏សំខាន់ចំនួន៤០ ដែលមានតម្លៃសរុបឡើងដល់៥ពាន់៩៣០លានដុល្លារអាមេរិក។

អ្វីដែលគួរឱ្យកត់សម្គាល់គឺ កិច្ចប្រជុំកំពូលលើកនេះបានបើកធ្វើក្រោមប្រធានបទ “ក្រុមហ៊ុនពហុជាតិនិងចិន-តភ្ជាប់ជាមួយពិភពលោក ធ្វើកិច្ចសហប្រតិបត្តិការដោយឈ្នះ-ឈ្នះ” ដែលបានបង្ហាញពីឋានៈយុទ្ធសាស្ត្ររបស់ចិន ក្នុងរចនាសម្ព័ន្ធទូទាំងពិភពលោកនៃក្រុមហ៊ុនពហុជាតិ ។ កាលពីមុន សហគ្រាសទុនបរទេសបានរួមបញ្ចូលក្នុងសេដ្ឋកិច្ចចិន យ៉ាងស៊ីជម្រៅ ដែលបានជំរុញការតភ្ជាប់គ្នារវាងចិននិងពិភពលោក។ ប៉ុន្តែបច្ចុប្បន្ននេះ ពួកគេបានសម្គាល់ឃើញថា ស្ថិតនៅប្រទេសចិន វាអាចតភ្ជាប់ជាមួយពិភពលោកឱ្យបានកាន់តែល្អ។

ពីខែមករាដល់ខែឧសភាឆ្នាំនេះ ក្នុងចំណោមឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់របស់ចិន ការប្រើប្រាស់ទុនបរទេសជាក់ស្តែង នៃមុខរបរសេវាកម្មធុរកិច្ចអេឡិចត្រូនិក មុខរបរផលិតយានអវកាសនិងគ្រឿងបរិក្ខារអវកាស មុខរបរផលិតថ្នាំគីមីនិងមុខរបរផលិត គ្រឿងបរិក្ខារនិងឧបករណ៍វេជ្ជសាស្ត្របានកើនឡើង១៤៦ភាគរយ ៧៤,៩ភាគរយ ៥៩,២ភាគរយនិង២០ភាគរយដោយឡែកពីគ្នា។

បច្ចុប្បន្ននេះ ឆ្លងតាមរយៈវិធានការផ្តល់ភាពងាយស្រួល ដល់ការវិនិយោគនិងសេវាកម្មចំគោលដៅមួយចំនួន ចិនកំពុងបង្កើតលំហ កាន់តែទូលំទូលាយសម្រាប់សហគ្រាសទុនបរទេស ។ លោកស្រី Yang Lan អគ្គនាយកជាន់ខ្ពស់ទទួលបន្ទុកកិច្ចការសាធារណៈ នៅប្រទេសចិននៃក្រុមហ៊ុន HERBALIFE ដែលជាម៉ាកយីហោនៃផលិតផលថែទាំសុខភាពដ៏ល្បីឈ្មោះ របស់អាមេរិក បានយល់ឃើញថា បរិយាកាសធ្វើអាជីវកម្មរបស់ចិនបន្តមានភាពប្រសើរឡើង ដែលបានបង្កើនជំនឿចិត្តរបស់យើង ក្នុងការអភិវឌ្ឍជានិរន្តរភាពនៅប្រទេសចិន ហើយក៏ធ្វើឱ្យយើងកាន់តែមានទីបង្អែក ក្នុងការក្តាប់ជាប់កាលានុវត្តភាព ក្នុងការប្រកួតប្រជែងផងដែរ។

ក្នុងបរិបទនាពេលបច្ចុប្បន្នដែលឯកតោភាគីនិយម និងគាំពារនិយមបានកើនឡើង ការបង្កើតរចនាសម្ព័ន្ធទាំងនេះ បានបង្ហាញពីជម្រើសប្រកបដោយវិចារណញ្ញាណ និងសំណូមពរដ៏ខ្លាំងក្លានៃទុនបរទេស។ ដូចប្រសាសន៍របស់លោក Jens Eskelund ប្រធានសភាពាណិជ្ជកម្មសហភាពអឺរ៉ុបនៅចិន ដែលបានលើកឡើងថា យើងចង់មានការផ្លាស់ប្តូរ ចង់ធ្វើពាណិជ្ជកម្ម និងធ្វើកិច្ចសហប្រតិបត្តិការ។ ក្នុងដំណាក់កាលរង្គោះរង្គើនិងកំណែទម្រង់ ទុនបរទេសបានបញ្ជាក់ តាមរយៈការអនុវត្តជាក់ស្តែងថា ការតភ្ជាប់ជាមួយប្រទេសចិនទើបអាចតភ្ជាប់ជាមួយពិភពលោកឱ្យបានកាន់តែល្អ ហើយការវិនិយោគនៅចិនគឺជា ការវិនិយោគនៅពេលអនាគត៕

វិទ្យុមិត្តភាពកម្ពុជាចិន