(បាងកក)៖ ប្រភពពីគណបក្ស Pheu Thai បានឱ្យដឹងនៅថ្ងៃអាទិត្យនេះថា រដ្ឋមន្រ្តីការពារជាតិថៃ លោក Phumtham Wechayachai នឹងត្រូវផ្លាស់ទៅកាន់តំណែងជារដ្ឋមន្រ្តីមហាផ្ទៃថ្មី ក្នុងការរុះរើគណៈរដ្ឋមន្រ្តីនាពេលខាងមុខនេះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានថៃ The Nation នាថ្ងៃអាទិត្យ ទី២២ ខែមិថុនា ឆ្នាំ២០២៥។

នៅថ្ងៃអាទិត្យនេះ នាយករដ្ឋមន្រ្តីថៃ លោកស្រី Paetongtarn Shinawatra នឹងជួបប្រជុំជាមួយបណ្តាមេដឹកនាំគណបក្ស ដែលស្ថិតក្នុងក្រុមចម្រុះ។ បើតាមការរំពឹងទុក លោកស្រី នឹងជូនដំណឹងដល់មេដឹកនាំបក្សជាដៃគូទាំងនោះថា ក្រោយការដកខ្លួន​របស់បក្ស Bhumjaithai ក្នុងសប្តាហ៍នេះ ឥឡូវតំណែងចំនួន៨ក្នុងគណៈរដ្ឋមន្រ្តីគឺនៅទំនេរ ហើយនឹងត្រូវបែងចែកឡើងវិញ ក្នុងចំណោមដៃគូដែលនៅសេសសល់។

គណបក្សក្នុងក្រុមចម្រុះ នឹងត្រូវស្នើឱ្យបញ្ជូនឈ្មោះបេក្ខជនរបស់ពួកគេ នៅក្រោមចំនួនកូតាដែលត្រូវបានកែសម្រួលថ្មី។ បន្ទាប់មក លេខាធិការដ្ឋានគណៈរដ្ឋមន្រ្តី នឹងធ្វើការត្រួតពិនិត្យប្រវត្តិរូប និងវាយតម្លៃគុណវឌ្ឍបេក្ខជនរដ្ឋមន្រ្តីទាំងនោះ មិនយូរជាងថ្ងៃចន្ទសប្តាហ៍ក្រោយនេះ មុនពេលបញ្ជីឈ្មោះគណៈរដ្ឋមន្រ្តីថ្មី ត្រូវបញ្ជូនទៅកាន់ព្រះរាជវាំង ដើម្បីទទួលបានការអនុម័ត។

គួរបញ្ជាក់ថា ក្នុងការរុះរើគណៈរដ្ឋមន្រ្តីខាងលើ លោក Phumtham ត្រូវបានរំពឹងថា នឹងបោះបង់ចោលតំណែងរដ្ឋមន្រ្តីការពារជាតិ ដើម្បីទៅដឹកនាំក្រសួងមហាផ្ទៃ ជំនួសលោក Anutin Charnvirakul មេដឹកនាំគណបក្ស Bhumjaithai ដែលបានលាលែង​ពីតំណែង។ អនុរដ្ឋមន្រ្តីការពារជាតិថៃ លោក Natthapon Nakpanich នឹងត្រូវឡើងជារដ្ឋមន្រ្តីការពារជាតិថ្មី ហើយលោក Sunai Praphuchanay អតីតមេបញ្ជាការនៃបញ្ជាការដ្ឋានកងកម្លាំងពិសេស នឹងក្លាយជាអនុរដ្ឋមន្រ្តីការពារជាតិថ្មី៕