(វ៉ាស៉ីនតោន)៖ នាយប់ថ្ងៃសៅរ៍ ទី២១ ខែមិថុនា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា ការវាយប្រហារតាមផ្លូវអាកាសរបស់អាមេរិក បានកម្ទេចទាំងស្រុងនូវទីតាំងចម្រាញ់សារធាតុនុយក្លេអ៊ែររបស់អ៉ីរ៉ង់ ហើយលោកបានគំរាមថា នឹងមានការវាយប្រហារបន្ថែមទៀត ប្រសិនបើទីក្រុងតេហេរ៉ង់មិនព្រមស្វែងរកសន្តិភាពឆាប់ៗ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

អំឡុងការថ្លែងសារខ្លីមួយទាំងយប់ទៅកាន់ប្រជាជាតិ លោកប្រធានាធិបតីអាមេរិក បានលើកឡើងយ៉ាងដូច្នេះថា «វានឹងមានជម្រើស២ គឺសន្តិភាពឬមួយក៏សោកនាដកម្មសម្រាប់អ៉ីរ៉ង់ ដែលអាក្រក់ខ្លាំងបំផុត ធៀបនឹងអ្វីដែលយើងបានមើលឃើញ អំឡុងពេលជាងមួយសប្តាហ៍​មកនេះ។ ចូរចាំថានៅមានគោលដៅជាច្រើនទៀត ដែលនៅសល់។ ប្រសិនបើសន្តិភាពមិនអាចសម្រេចបានឆាប់ៗទេ យើងនឹងវាយប្រហារគោលដៅទាំងនោះបន្ថែមទៀត»

គួរបញ្ជាក់ថា បើតាមលោក ត្រាំ យោធាអាមេរិកបានធ្វើសកម្មភាពវាយប្រហារទៅលើ ទីតាំងនុយក្លេអ៊ែរសំខាន់ៗ៣កន្លែងរបស់អ៉ីរ៉ង់ រួមមាន Fordow, Natanz និង Esfahan។ ការវាយប្រហារនេះកើតមានឡើងត្រឹម២ថ្ងៃប៉ុណ្ណោះ បន្ទាប់ពី លោក ត្រាំ បាននិយាយថា រូបលោកនឹងសម្រេចចិត្ត ក្នុងរយៈពេល២សប្តាហ៍ ថាតើនឹងចូលរួម ឬមិនចូលរួម ក្នុងសង្រ្គាមអ៉ីស្រាអែលប្រឆាំងនឹងអ៉ីរ៉ង់។ មន្រ្តីអាមេរិកបានបង្ហើបឱ្យដឹងថា យន្តហោះទម្លាក់គ្រាប់បែក B-2 ដែលអាចផ្ទុកគ្រាប់បែកធុនធ្ងន់ ដើម្បីកម្ទេចទីតាំងកប់នៅជ្រៅខ្លាំងក្រោមផ្ទៃដី ត្រូវបានប្រើប្រាស់ក្នុងប្រតិបត្តិការខាងលើ៕