(វ៉ាស៊ីនតោន)៖ សារព័ត៌មាន Financial Times បានរាយការណ៍កាលពីថ្ងៃសុក្រ ទី២០ ខែមិថុនាថាជប៉ុនបានលុបចោលកិច្ចប្រជុំកម្រិតខ្ពស់ជាប្រចាំជាមួយសហរដ្ឋអាមេរិក បន្ទាប់ពី រដ្ឋបាលលោក ដូណាល់ ត្រាំ បានទាមទារឱ្យទីក្រុងតូក្យូ បង្កើនការចំណាយបន្ថែមលើកញ្ចប់ថវិកាយោធា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

រដ្ឋមន្ត្រីការបរទេស លោក Marco Rubio និងរដ្ឋមន្ត្រីការពារជាតិ លោក Pete Hegseth របស់សហរដ្ឋអាមេរិក ត្រូវបានរំពឹងថាបើកកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីការបរទេស លោក Takeshi Iwaya និងរដ្ឋមន្ត្រីការពារជាតិ លោក Gen Nakatani របស់ជប៉ុន នៅក្នុងទីក្រុងវ៉ាស៊ីនតោននៅថ្ងៃទី១ ខែកក្កដា សម្រាប់កិច្ចប្រជុំសន្តិសុខប្រចាំឆ្នាំ២បូក២។ ប៉ុន្តែជប៉ុនបានលុបចោល កិច្ចប្រជុំនេះ បន្ទាប់ពីសហរដ្ឋអាមេរិកបានស្នើឱ្យជប៉ុនបង្កើនកញ្ចប់ថវិកាយោធាឱ្យដល់ ៣.៥ភាគរយនៃផលិតផលក្នុងស្រុកសរុប GDP ពោលគឺខ្ពស់ជាងសំណើនាពេលកន្លងមក គឺ៣ភាគរយ។ នេះបើតាម Financial Times ដោយផ្អែកលើប្រភពដែលខ្លួនទទួលបានក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ។

ជាមួយគ្នានោះដែរ មន្ត្រីអាមេរិកម្នាក់ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានប្រាប់ Reuters ថាជប៉ុនការលើកពេលកិច្ចប្រជុំ ធ្វើឡើងក្នុងការសម្រេចចិត្តមួយជាច្រើនសប្ដាហ៍មកហើយ។ ប៉ុន្តែមន្ត្រីរូបនេះមិនបានបញ្ជាក់ពីហេតុផលនោះទេ។

គួរបញ្ជាក់ថា សារព័ត៌មានជប៉ុន Nikkei នៅថ្ងៃសៅរ៍ ទី២១ ខែមិថុនា បានរាយការណ៍ថារដ្ឋាភិបាលរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានទាមទារឱ្យសម្ព័ន្ធមិត្តរបស់ខ្លួន ក្នុងតំបន់អាស៊ី ក្នុងនោះរួមមានទាំងជប៉ុនបង្កើនកញ្ចប់ថវិកាយោធាឱ្យដល់ ៥ភាគរយនៃ GDP៕