(ហ្សឺណែវ)៖ ឆ្មាំសមុទ្រមកពីជប៉ុន សហរដ្ឋអាមេរិក និងហ្វីលីពីន បានធ្វើសមយុទ្ធរួមគ្នានៅតំបន់ឆ្នេរភាគនិរតីនៃប្រទេសជប៉ុន នៅថ្ងៃសុក្រ ទី២០ ខែមិថុនា បន្ទាប់ពីមានការព្រមានពី ប្រទេសទាំង៣ អំពីសកម្មភាពរបស់ចិននៅក្នុងតំបន់ដែនទឹកមានជម្លោះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ភាពតានតឹងរវាងចិន និងបណ្ដាប្រទេសជាភាគីជម្លោះដែនទឹកក្នុងតំបន់សមុទ្រចិនខាងកើត និងសមុទ្រចិនខាងត្បូង បានជំរុញឱ្យជប៉ុនពង្រឹងទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយអាមេរិក និងហ្វីលីពីន។ សប្ដាហ៍នេះគឺជាលើកទី២ ដែលឆ្មាំសមុទ្រនៃប្រទេសទាំង៣ដឹកនាំការធ្វើសមយុទ្ធរួមគ្នា និងជាលើកដំបូងដែលសមយុទ្ធបែបនេះធ្វើឡើងនៅក្នុងប្រទេសជប៉ុន។

សមយុទ្ធរបស់ជប៉ុន សហរដ្ឋអាមេរិក និងហ្វីលីពីន បានប្រព្រឹត្តទៅមានរយៈពេល៥ថ្ងៃ នៅតំបន់ឆ្នេរនៃទីក្រុង Kagoshima ដោយមានការចូលរួមពីឆ្មាំសមុទ្ររាប់សិបនាក់ កាលពីថ្ងៃសុក្រ ដែលជាសមយុទ្ធថ្ងៃចុងក្រោយ និងមានការចូលរួមពីនាវាឆ្មាំសមុទ្រនៃប្រទេសទាំង៣ផងដែរ។

គួរបញ្ជាក់ថា ចិន និងហ្វីលីពីន បានប្រឈមមុខដាក់គ្នារយៈពេលជាច្រើនខែមកហើយ ជុំវិញជម្លោះដែនទឹកនៅសមុទ្រចិនខាងត្បូង ខណៈចិន និងជប៉ុនវិញតែងតែបញ្ជូននាវាល្បាត ធ្វើប្រតិបត្តិការល្បាតនៅក្នុងតំបន់សមុទ្រចិនខាងកើត។ ហ្វីលីពីន កាលពីថ្ងៃសុក្រ បានចោទចិនថាបានប្រើកាណុងបាញ់ទឹកលើទូក២គ្រឿងរបស់ខ្លួន អំឡុងពួកគេកំពុងព្យាយាម ដឹកជបញ្ជូនស្បៀង និងសម្ភារៈចាំបាច់នានាទៅឱ្យអ្នកនេសាទហ្វីលីពីន នៅក្បែរតំបន់ថ្មប៉ប្រះទឹកមានវិវាទ Scarborough Shoal៕