(តេហេរ៉ង់)៖ ប្រទេសអ៊ីរ៉ង់ បានប្រកាសនៅថ្ងៃសុក្រ ទី២០ ខែមិថុនា ថា ខ្លួននឹងមិនចូលរួមតុចរចាដើម្បីពិភាក្សាអំពីកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនឡើយ ដរាបណាខ្លួននៅតែបន្តរងការវាយប្រហារពីអ៊ីស្រាអែល។ ការប្រកាសជំហរនេះ បានធ្វើឲ្យកិច្ចខិតខំប្រឹងប្រែងការទូតរបស់អឺរ៉ុបដែលព្យាយាមបន្ធូរបន្ថយជម្លោះ ជួបភាពទាល់ច្រក។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi បានបញ្ជាក់យ៉ាងច្បាស់ថា «គ្មានឱកាសសម្រាប់ការចរចា» ជាមួយសហរដ្ឋអាមេរិកទេ «រហូតទាល់តែការឈ្លានពានរបស់អ៊ីស្រាអែលបញ្ឈប់»។ ទោះជាយ៉ាងនេះក្ដី លោកនៅតែគ្រោងជួបជាមួយសមភាគីអឺរ៉ុប ដូចជាបារាំង អង់គ្លេស និងអាល្លឺម៉ង់នៅទីក្រុងហ្សឺណែវ ដើម្បីស្ដាប់ពីគោលជំហររបស់ពួកគេ។

ទោះបីជាមានការបដិសេធជាសាធារណៈក៏ដោយ មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់បានប្រាប់ Reuters ថា ទីក្រុងតេអេរ៉ង់ «ត្រៀមខ្លួនជាស្រេចដើម្បីពិភាក្សាអំពីការកំណត់» លើការចម្រាញ់អ៊ុយរ៉ាញ៉ូមរបស់ខ្លួនតាមរយៈអឺរ៉ុប ប៉ុន្តែបានសង្កត់ធ្ងន់ថា សំណើណាមួយដែលទាមទារឲ្យមានការបញ្ឈប់ការចម្រាញ់ទាំងស្រុងនឹងត្រូវបដិសេធ «ជាពិសេសនៅពេលកំពុងរងការវាយប្រហាររបស់អ៊ីស្រាអែល»។

គួរបញ្ជាក់ថា ការប្រកាសជំហរនេះ កើតឡើងក្នុងសប្តាហ៍ទីមួយនៃយុទ្ធនាការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ដែលអ៊ីស្រាអែលអះអាងថា សំដៅទប់ស្កាត់អ៊ីរ៉ង់ពីការផលិតអាវុធនុយក្លេអ៊ែរ ដែលជាប្រធានបទស្នូលនៃការចរចាដែលអ៊ីរ៉ង់កំពុងបដិសេធមិនចូលរួមនេះ៕