(មូស្គូ)៖ ប្រទេសរុស្ស៊ី បានចេញសេចក្ដីព្រមានមួយទៅកាន់សហរដ្ឋអាមេរិក ប្រឆាំងនឹងការធ្វើអន្តរាគមន៍យោធាណាមួយនៅក្នុងសង្គ្រាមរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់។ ការព្រមាននេះ ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីរុស្ស៊ី និងចិន បានថ្កោលទោសរួមគ្នាចំពោះការវាយប្រហាររបស់អ៊ីស្រាអែល។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥។

អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានប្រាប់អ្នកសារព័ត៌មានថា «យើងចង់ព្រមានជាពិសេសដល់ទីក្រុងវ៉ាស៊ីនតោន ចំពោះការធ្វើអន្តរាគមន៍យោធាក្នុងស្ថានភាពនេះ»។ លោកស្រីបានបន្ថែមថា ទង្វើបែបនេះ «នឹងជាជំហានដ៏គ្រោះថ្នាក់បំផុត ជាមួយនឹងផលវិបាកអវិជ្ជមានដែលមិនអាចទាយទុកជាមុនបាន»។

កាលពី​ថ្ងៃ​ព្រហស្បតិ៍ បន្ទាប់ពី​កិច្ច​សន្ទនា​តាម​ទូរស័ព្ទ​ រុស្ស៊ី និង​ចិន​បាន​បញ្ជាក់ជំហរ​រួម​គ្នា​ដោយ «ថ្កោលទោស​យ៉ាង​ខ្លាំង​ចំពោះ​សកម្មភាព​របស់​អ៊ីស្រាអែល»។ ជំនួយការ​វិមាន​ក្រឹមឡាំង លោក Yuri Ushakov បាន​បញ្ជាក់​បន្ថែម​ថា មេដឹកនាំ​ទាំងពីរ​ជឿជាក់​ថា ការ​បញ្ចប់​អរិភាព «គួរតែ​ត្រូវ​បាន​សម្រេច​ដោយ​មធ្យោបាយ​នយោបាយ និង​ការទូត​តែប៉ុណ្ណោះ»។

គួរបញ្ជាក់ថា ការព្រមាននេះធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងកាលពីថ្ងៃពុធថា លោកកំពុងពិចារណាថាតើត្រូវចូលរួមក្នុងការវាយប្រហាររបស់អ៊ីស្រាអែលឬអត់ ដោយលោកបាននិយាយថា «ខ្ញុំអាចនឹងធ្វើវា ខ្ញុំអាចនឹងមិនធ្វើវា»។

ការប្រឈមមុខដាក់គ្នាដោយផ្ទាល់រវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ បានផ្ទុះឡើងកាលពីសប្តាហ៍មុន នៅពេលដែលអ៊ីស្រាអែលបានបើកការវាយប្រហារទ្រង់ទ្រាយធំដែលមិនធ្លាប់មានពីមុនមកលើអ៊ីរ៉ង់ ហើយទីក្រុងតេអេរ៉ង់បានឆ្លើយតបវិញដោយការបាញ់មីស៊ីល និងដ្រូន៕