(បាងកក)៖ វិស័យឯកជនសំខាន់ៗក្នុងប្រទេសថៃ បានព្រមានថា បញ្ហាអស្ថិរភាពនយោបាយនាពេលនេះ អាចនឹងធ្វើឱ្យសេដ្ឋកិច្ចថៃ ដែលស្ថិតក្នុងសភាពផុយស្រួយស្រាប់ទៅហើយនោះ កាន់តែចុះខ្សោយខ្លាំងថែមទៀត ដោយបានទទូចឱ្យរដ្ឋាភិបាលតម្កល់ការរួបរួមសាមគ្គីជាតិ និងស្ថិរភាពសេដ្ឋកិច្ចរយៈពេលវែង ជាអាទិភាពចម្បង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានថៃ The Nation។
លោក Isara Boonyoung ប្រធានក្រុមប្រឹក្សាភិបាលពាណិជ្ជកម្ម នៃគណៈកម្មាធិការអចលនទ្រព្យរបស់ប្រទេសថៃ បាននិយាយថា ការសម្រេចចិត្តលើគោលនយោបាយ ចាំបាច់ត្រូវតែផ្តោតអាទិភាពទៅលើ ស្ថិរភាពជាតិនិងសេដ្ឋកិច្ចរយៈពេលវែង ព្រមទាំងការកសាងទំនុកចិត្តរបស់សាធារណជន។ លោក Isara បានសង្កត់ធ្ងន់ថា ភាពប្រេះឆាផ្នែកនយោបាយ បូករួមជាមួយឱនភាពសេដ្ឋកិច្ចសកល ក្តីកង្វល់អំពីពន្ធអាមេរិក និងបញ្ហាព្រំដែន កំពុងគំរាមកំហែងធ្វើឱ្យភាពងាយរងគ្រោះនៃសេដ្ឋកិច្ចថៃ កាន់តែស៉ីជម្រៅមួយកម្រិតទៀត។
លោក Thienprasit Chaiyapatranun ប្រធានសមាគមសណ្ឋាគារថៃ ក៏បានបង្ហាញក្តីកង្វល់ផងដែរ ជុំវិញផលប៉ះពាល់នៃភាពតានតឹងនយោបាយក្នុងស្រុក និងទំនាក់ទំនងថៃ-កម្ពុជាមកលើវិស័យទេសចរណ៍។ ចំណែកខាងវិស័យលក់ដូរទំនិញវិញ បានលើកឡើងថា ព្រឹត្តិការណ៍នយោបាយនាពេលថ្មីៗនេះ បានធ្វើឱ្យរង្គោះរង្គើទំនុកចិត្តរបស់អ្នកប្រើប្រាស់ ហើយបានទទូចឱ្យរដ្ឋាភិបាលថៃ ចាត់វិធានការឱ្យបានច្បាស់លាស់ដើម្បីដោះស្រាយ។ ទន្ទឹមគ្នា បរិយាកាសធុរកិច្ច ក៏ហាក់មិនមានសន្ទុះ ខណៈក្រុមហ៊ុននានានៅទន្ទឹងរង់ចាំមើល ភាពច្បាស់លាស់ឡើងវិញ នៃស្ថានការណ៍នយោបាយ។
គួរបញ្ជាក់ថា នាយករដ្ឋមន្រ្តីថៃ លោកស្រី Paetongtarn Shinawatra កំពុងរងសម្ពាធទាមទារឱ្យចុះចេញពីតំណែង បន្ទាប់ពីផ្ទុះរឿងអាស្រូវបែកធ្លាយកិច្ចសន្ទនាតាមរទូរស័ព្ទ ជាមួយ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ស្តីពីបញ្ហាវិវាទព្រំដែនថៃ-កម្ពុជា។ លើសពីនេះទៅទៀត រដ្ឋាភិបាលចម្រុះរបស់លោកស្រី បានបាត់បង់អាសនៈយ៉ាងច្រើននៅក្នុងសភា ក្រោយគណបក្ស Bhumjaithai ប្រកាសដកខ្លួនចេញពីក្រុមចម្រុះ ដោយសារតែរឿងអាស្រូវនោះ៕