(តៃប៉ិ)៖ ក្រសួងការពារជាតិតៃវ៉ាន់ នៅថ្ងៃសុក្រ ទី២០ ខែមិថុនា បានឱ្យដឹងថាយន្ដហោះយោធាចិន ៥០គ្រឿង បានធ្វើសកម្មភាពនៅជុំវិញកោះតៃវ៉ាន់ បន្ទាប់ពីនាវាល្បាតអង់គ្លេស មួយគ្រឿងធ្វើដំណើរឆ្លងកាត់តាមច្រកសមុទ្រតៃវ៉ាន់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ចិនបានទទូចថាតៃវ៉ាន់ជាផ្នែកមួយនៃទឹកដីរបស់ខ្លួន ហើយថានឹងប្រើប្រាស់កម្លាំងយោធាដើម្បីបង្រួមបង្រួមជាតិនៅក្នុងករណីចាំបាច់។ ប៉េកាំងក៏បានបង្កើនការដាក់ពង្រាយយន្ដហោះចម្បាំង និងនាវាចម្បាំងនៅជុំវិញកោះតៃវ៉ាន់ផងដែរ ក្នុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះសំដៅបញ្ជាក់ពីអធិបតេយ្យរបស់ខ្លួន។ តៃប៉ិបានច្រានចោលការអះអាងពីអធិបតេយ្យរបស់ចិនលើតៃវ៉ាន់ និងបានចោទប្រកាន់ថាចិនបាន និងកំពុងប្រើប្រាស់ការធ្វើចារកម្ម ការវាយប្រហារសាយប័រ និងការសាបព្រោះព័ត៌មានមិនពិតក្នុងសង្រ្គាមចិត្តសាស្ត្រប្រឆាំងតៃវ៉ាន់។

ក្រសួងការពារជាតិតៃវ៉ាន់ បានឱ្យដឹងថាយន្ដហោះយោធាចិន ៥០គ្រឿង រួមជាមួយនាវាចម្បាំងចិន ៦គ្រឿង បានធ្វើសកម្មភាពជុំវិញកោះតៃវ៉ាន់ក្នុងពេល ២៤ម៉ោង គិតត្រឹមម៉ោង ៦៖០០នាទីព្រឹកថ្ងៃសុក្រនេះ។

គួរបញ្ជាក់ថា ការធ្វើសកម្មភាពរបស់យន្ដហោះយោធា និងនាវាចម្បាំងចិន កើតឡើងឡើងបន្ទាប់ពីតៃវ៉ាន់អះអាងកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញថានាវាល្បាតមួយគ្រឿងរបស់អង់គ្លេស បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ កាលពីថ្ងៃពុធសប្ដាហ៍នេះ៕