(វ៉ាស៊ីនតោន)៖ សេតវិមាន នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា បាននិយាយថាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងសម្រេចចិត្តក្នុងរយៈពេល ២សប្ដាហ៍ខាងមុខ ថាតើអាមេរិក ត្រូវចូលរួម ឬមិនចូលរួមក្នុងសង្រ្គាមផ្លូវអាកាសរវាងអ៉ីស្រាអែល និងអ៉ីរ៉ង់ ដែលនេះជាការបង្កើនការដាក់សម្ពាធលើទីក្រុងតេហេរ៉ង់ឱ្យត្រឡប់មករកតុចរចា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters។

តាមរយៈការស្រង់សម្ដីរបស់លោក ត្រាំ អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បានប្រាប់អ្នកសារព័ត៌មានថា «ផ្អែកលើការពិតជាក់ស្ដែងថាមានឱកាសដ៏សំខាន់នៃកិច្ចចរចា ដែលអាច ឬមិនអាចធ្វើឡើងជាមួយអ៉ីរ៉ង់ ក្នុងពេលអនាគតដ៏ខ្លី ខ្ញុំ (លោក ត្រាំ) នឹងធ្វើការសម្រេចចិត្តថាតើត្រូវចូលរួម ឬមិនចូលរួម (ក្នុងសង្រ្គាមអាកាសរវាងអ៉ីស្រាអែល និងអ៉ីរ៉ង់) នៅ ២សប្ដាហ៍ខាងមុខ»។ តាមអ្នកនាំពាក្យរូបនេះ លោក ត្រាំ មានបំណងចង់បន្តស្វែងរកដំណោះស្រាយតាមផ្លូវការទូត ប៉ុន្តែអាទិភាពចម្បងរបស់លោក នោះគឺធ្វើយ៉ាងណាធានាឱ្យបានថាអ៉ីរ៉ង់ នឹងមិនមានអាវុធនុយក្លេអ៊ែរ។ ដូច្នេះរាល់កិច្ចព្រមព្រៀងណាមួយជាមួយអ៉ីរ៉ង់នឹងហាមឃាត់ការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម និងលុបបំបាត់សមត្ថភាពរបស់អ៉ីរ៉ង់ដើម្បី ផលិតអាវុធនុយក្លេអ៊ែរ។

គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ កំពុងធ្វើឱ្យពិភពលោកងឿងឆ្ងល់ដោយលោកបានផ្លាស់ប្ដូរពីការគាំទ្រការដោះស្រាយបញ្ហាតាមការទូត មកជាការពិចារណាលើការលូកដៃជួយអ៉ីស្រាអែល វាយប្រហារលើអ៉ីរ៉ង់។ កាលពីថ្ងៃពុធសប្ដាហ៍នេះ លោកបាននិយាយគ្មាននរណាម្នាក់ដឹងថាលោកនឹងធ្វើអ្វីនោះទេ បន្ទាប់ពីរូបលោកបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថាការសម្លាប់មេដឹកនាំអ៉ីរ៉ង់ Ayatollah Ali Khamenei ជារឿងងាយស្រួលបំផុត ហើយក្រោយមកទៀត ទាមទារឱ្យអ៉ីរ៉ង់ចុះចាញ់ដោយគ្មានលក្ខខណ្ឌ៕