(ប៉េកាំង)៖ “នៅខែឧសភា ទំហំសរុបនៃការលក់រាយទំនិញប្រើប្រាស់ ក្នុងសង្គមរបស់ចិនមានចំនួន៤.១ទ្រីលានយាន់ប្រាក់ចិន ដែលកើនឡើង៦,៤ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន។ តម្លៃបន្ថែមរបស់សហគ្រាសឧស្សាហកម្មធុនមធ្យម និងធំទូទាំងប្រទេសបានកើនឡើង ៥,៨ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ទំហំសរុបនៃការនាំចេញនាំចូលទំនិញ មានចំនួន៣.៨ទ្រីលានយាន់ប្រាក់ចិន ដែលកើនឡើង២,៧ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន។”

ពេលថ្មីៗកន្លងទៅនេះ រដ្ឋបាលជាតិស្ថិតិចិនបានប្រកាសទិន្នន័យសេដ្ឋកិច្ចជាច្រើន ដែលបង្ហើបពី “តារាងពិន្ទុ”ថ្មីបំផុតនៃដំណើរការសេដ្ឋកិច្ចរបស់ចិន។ ក្នុងបរិបទដែលសេដ្ឋកិច្ចទូទាំងពិភពលោក មានភាពស្មុគ្រស្មាញ និងប្រែប្រួលខ្លាំង និងគាំពារនិយមខាងពាណិជ្ជកម្មបានងើបឡើងវិញ សេដ្ឋកិច្ចរបស់ចិននៅខែឧសភា បានបង្ហាញពីកម្លាំងចលករផ្ទៃក្នុងយ៉ាងខ្លាំងក្លា ដែលដំណើរការដោយនឹងនរជាទូទៅនិងមានការវិវឌ្ឍរីកចម្រើនជាលំដាប់។

បើមើលពីទិន្នន័យនៅខែឧសភា ប្រសិទ្ធភាពនៃគោលនយោបាយបន្ថែមជាតិ បានរំលេចចេញជាបន្តបន្ទាប់ ដែលមានភាពចំគោលដៅនិងខ្លាំងក្លា ។ ទំហំសរុបនៃការលក់រាយទំនិញប្រើប្រាស់ ក្នុងសង្គមរបស់ចិនមានចំនួន ៤.១ទ្រីលានយាន់ប្រាក់ចិន ការលក់ដូរក្នុងទីផ្សារបានកើនឡើងយ៉ាងច្បាស់លាស់ ទំនិញពាក់ព័ន្ធនឹងគោលនយោបាយ “យករបស់ចាស់ប្តូរការបញ្ចុះតម្លៃ សម្រាប់ទិញរបស់ថ្មី” បានកើនឡើងយ៉ាងឆាប់រហ័ស ប្រការទាំងនេះសុទ្ធតែបានបង្ហាញថា ការប្រើប្រាស់បានដើរតួនាទីទ្រទ្រង់ជាមូលដ្ឋានកាន់តែខ្លាំងឡើងៗ ចំពោះការអភិវឌ្ឍសេដ្ឋកិច្ចចិនប្រកបដោយគុណភាពខ្ពស់ ។

ក្រៅពីនេះ ឧស្សាហកម្មផលិតគ្រឿងបរិក្ខារនិងឧស្សាហកម្មផលិតកម្មបច្ចេកវិទ្យាខ្ពស់បានកើនឡើងយ៉ាងឆាប់បង្គួរ ដែលបានគាំទ្រយ៉ាងខ្លាំងចំពោះកំណើនដោយនឹងនរនៃផលិតកម្មឧស្សាហកម្ម ។ នៅខែឧសភា តម្លៃបន្ថែមរបស់ សហគ្រាសឧស្សាហកម្មផលិតគ្រឿងបរិក្ខារបានកើនឡើង៩ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន តម្លៃបន្ថែមនៃឧស្សាហកម្មផលិតកម្មបច្ចេកវិទ្យាខ្ពស់ បានកើនឡើង៨,៦ភាគរយ ដែលលឿនជាងតម្លៃបន្ថែម នៃសហគ្រាសឧស្សាហកម្មធុនមធ្យម និងធំទាំងអស់ចំនួន៣,២ភាគរយនិង២,៨ភាគរយដោយឡែកពីគ្នា។

នៅខែមុន ពាណិជ្ជកម្មជាមួយបរទរសបានបន្តបង្ហាញពីភាពធន់ដ៏ខ្លាំងក្លា។ តាមទិន្នន័យនៃរដ្ឋបាលជាតិស្ថិតិចិនបង្ហាញឱ្យដឹងថា នៅខែឧសភា ទំហំសរុបនៃការនាំចេញនាំចូលទំនិញគឺ ៣,៨ទ្រីលានយាន់ប្រាក់ចិន ដែលបានកើនឡើង២,៧ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ។ ពីខែមករាដល់ខែឧសភា ទំហំសរុបនៃការនាំចេញនាំចូលទំនិញ គឺ១៧,៩ទ្រីលានយាន់ប្រាក់ចិន ដែលបានកើនឡើង២,៥ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ។ ក្នុងនោះ ការនាំចេញនាំចូលនៃសហគ្រាសឯកជនបានកើនឡើង៧ភាគរយ ដែលបានកើនឡើង ២,៤ភាគរយបើប្រៀបធៀបនឹង រយៈពេលដូចគ្នានាឆ្នាំ២០២៤។ ការនាំចេញផលិតផលគ្រឿងយន្តនិងអេឡិចត្រូនិកបានកើនឡើង៩,៣ភាគរយ ដែលត្រូវជា៦០ភាគរយនៃទំហំសរុបនៃការនាំចេញ។

ចាប់ពីខែឧសភាមក ទីផ្សារមូលធនរបស់ចិនបានលេចចេញការងើបឡើងវិញយ៉ាងខ្លាំង ។ គិតមកទល់ម៉ោងបិទទីផ្សារមូលប័ត្រ កាលពីថ្ងៃទី១៧ខែមិថុនា សន្ទស្សន៍ផ្សារមូលបត្រសៀងហៃ និងសន្ទស្សន៍ទីផ្សារមូលបត្រ Shenzhen បានកើនឡើង ៩,៣៩ភាគរយនិង៨,៤ភាគរយ ដោយឡែកពីគ្នាចាប់ពីថ្ងៃទី៨ខែមេសាមក ។ សន្ទស្សន៍ HSI បានឡើងដល់ចំណុច ២៤០០០កាលពីថ្ងៃទី១៦ខែមិថុនា។ ត្រង់ចំណុចនេះ ស្ថាប័នទុនបរទេសនាំគ្នាបញ្ចេញមតិដោយសម្គាល់ថា ទីផ្សារចិននឹងក្លាយជាអ្នកទទួលបានផលប្រយោជន៍ ពីការមានតុល្យភាពឡើងវិញនៃប្រាក់ទុន។

ពេលថ្មីៗកន្លងទៅនេះ លោក Liu Jia អ្នកទទួលខុសត្រូវផ្នែកយុទ្ធសាស្រ្តវិនិយោគនៅអាស៊ី នៃស្ថាប័នធនាគារឯកជននៃធនាគារ Deutsche បានថ្លែងក្នុងកិច្ចប្រជុំតុមូល នៃប្រព័ន្ធសារព័ត៌មានថា ភាគហ៊ុនវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាចិនគួរទទួល ការយកចិត្តទុកដាក់ពីវិនិយោគិន ។ រំពឹងទុកពីអនាគត លោកកាន់អាកប្បកិរិយាសុទិដ្ឋិនិយម ចំពោះសក្តានុពលវិនិយោគរយៈពេលមធ្យម និងវែងនៃភាគហ៊ុនវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាចិន។

ពេលថ្មីៗកន្លងទៅនេះ លោក Wang Yajun ប្រធានផ្នែកទីផ្សារទុនភាគហ៊ុនអាស៊ីនៃក្រុមហ៊ុន GOLDMAN SACHS បានថ្លែងថា ចាប់ពីឆ្នាំមុនមក ទីផ្សារមូលធនចិនក៏មានតម្រុយ ងើបឡើងវិញហើយ ការវាយប្រហារពីខាងក្រៅចំពោះការងើបឡើងវិញ នៃទីផ្សារមូលធនចិន គ្រាន់តែជាការរំខានរយៈពេលខ្លីប៉ុណ្ណោះ។

ទោះបីជាកំណើនសេដ្ឋកិច្ចពិភពលោកនៅទន់ខ្សោយ ការនាំចេញនាំចូលចំពោះសហរដ្ឋអាមេរិកមានការធ្លាក់ចុះក៏ដោយ ក៏ប៉ុន្តែពាណិជ្ជកម្មជាមួយបរទេសរបស់ចិន ទទួលការអភិវឌ្ឍដោយពិពិធកម្ម ការនាំចេញនាំចូលជាមួយអាស៊ាននិងប្រទេស ដែលរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” បានកើនឡើងជាបន្តបន្ទាប់ ។ កត្តាទាំងនេះសុទ្ធតែជំរុញដល់កំណើនពាណិជ្ជកម្ម ហើយក៏បង្ហាញពីឧត្តមភាពនៃសេដ្ឋកិច្ចចិន ដែលមានទ្រង់ទ្រាយធំសម្បើម មានប្រព័ន្ធឧស្សាហកម្មដ៏ពេញលេញ និងមានកម្លាំងប្រកួតប្រជែងចម្រុះដ៏ខ្លាំងក្លាដែរ។ ស្របពេលដែលគោលនយោបាយម៉ាក្រូ ដែលកាន់តែវិជ្ជមានបន្តដើរតួនាទី និងរំលេចប្រសិទ្ធភាព កម្លាំងរស់រវើក និងសក្តានុពលនៃទីផ្សារដ៏ធំធេងរបស់ចិន មុខជានឹងត្រូវបញ្ចេញថែមមួយកម្រិតទៀត ដើម្បីជំរុញសេដ្ឋកិច្ចឱ្យងើបឡើងវិញ និងមានភាពល្អប្រសើរជាបន្តបន្ទាប់៕

វិទ្យុមិត្តភាពកម្ពុជាចិន