(មូស្គូ)៖ នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បាននិយាយថា រូបលោកត្រៀមខ្លួនរួចរាល់ ដើម្បីជួបប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប៉ុន្តែគឺសម្រាប់តែនៅដំណាក់កាលចុងក្រោយ នៃការចរចាសន្តិភាពប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ថ្លែងប្រាប់ក្រុមសារព័ត៌មានបរទេសនៅទីក្រុង Saint Petersburg លោក ពូទីន បានលើកឡើងដូច្នេះថា «យើងចាំបាច់ត្រូវតែ​ស្វែងរកដំណោះស្រាយមួយ ដែលមិនត្រឹមតែបិទបញ្ចប់ជម្លោះសព្វថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតលក្ខខណ្ឌ ដែលនឹងទប់ស្កាត់មិនឱ្យ​ស្ថានការណ៍ស្រដៀងគ្នា កើតមានឡើងសាជាថ្មី នៅពេលអនាគត។ ខ្ញុំត្រៀមខ្លួនជាស្រេច ដើម្បីជួបអ្នកគ្រប់គ្នា រួមទាំងលោក ហ្សេលេនស្គី»។ ប៉ុន្តែលោក ពូទីណ បានបន្ថែមថា ជំនួបនោះនឹងអាចប្រព្រឹត្តទៅបាន លុះត្រាតែស្ថិតនៅដំណាក់កាលចុងក្រោយ នៃការចរចាសន្តិភាព។

គួរបញ្ជាក់ថា កិច្ចពិភាក្សាស្តីពីការរកទីបញ្ចប់សម្រាប់សង្រ្គាមរយៈពេលជាង ៣ឆ្នាំរបស់រុស្ស៉ីនៅអ៊ុយក្រែនបានជាប់គាំង ក្នុងពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ដោយលោក ពូទីន បន្តបានរក្សាជំហរយ៉ាងរឹងមាំជុំវិញលក្ខខណ្ឌទាមទាររបស់រុស្ស៉ី ហើយមិនព្រមចូលរួមកិច្ចប្រជុំទល់មុខផ្ទាល់ជាមួយលោក ហ្សេលេនស្គី។ ទីក្រុងកៀវបានចោទប្រកាន់ទីក្រុងមូស្គូថា មានចេតនាបំផ្លាញកិច្ចប្រឹងប្រែងរកសន្តិភាព ដើម្បីអូសបន្លាយជម្លោះ៕