(បាងកក)៖ រដ្ឋាភិបាលថៃកំពុងប្រឈមមុខនឹងការដួលរលំ បន្ទាប់ពីគណបក្សជាដៃគូដ៏សំខាន់មួយនៅក្នុងក្រុមចម្រុះបានដកខ្លួនចេញ ដោយបានធ្វើឱ្យនយោបាយថៃធ្លាក់ចូលក្នុងវិបត្តិ ខណៈ នាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra កំពុងរងសម្ពាធទាមទារឱ្យចុះចេញពីតំណែង បន្ទាប់ពីផ្ទុះរឿងអាស្រូវបែកធ្លាយកិច្ចសន្ទនាតាមរទូរស័ព្ទជាមួយប្រធានព្រឹទ្ធសភាកម្ពុជា សម្ដេចតេជោ ហ៊ុន សែន។
ខាងក្រោមនេះគឺជាចំណុចសំខាន់ៗគួរដឹងពីវិបត្តិនយោបាយក្នុងប្រទេសថៃ៖
* តើមានរឿងអ្វីកើតឡើង?
រដ្ឋាភិបាលចម្រុះរបស់ថៃ ដឹកនាំដោយនាយករដ្ឋមន្ត្រីលោកស្រី Paetongtarn Shinawatra កំពុងស្ថិតនៅចំណុចកៀកទៅនឹងការដួលរលំ ក្រោយគណបក្សធំទី២ក្នុងក្រុមចម្រុះប្រកាសដកខ្លួន ចេញពីសម្ព័ន្ធនយោបាយ។ គណបក្សអភិរក្សនិយម Bhumjaithai បាននិយាយកាលពីយប់ថ្ងៃពុធ ទី១៨ ខែមិថុនាថា ខ្លួនបានសម្រេចចិត្តដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះ ដោយសារតែ ការបែកធ្លាយកិច្ចសន្ទនារវាងលោកស្រី Paetongtarn និងសម្ដេចតេជោ។ ការបាត់បង់ដៃគូដូចជាគណបក្ស Bhumjaithai ដែលមានសមាជិកសភា ៦៩រូប បានធ្វើឱ្យគណបក្សភឿថៃរបស់ លោកស្រី Paetongtarn ស្ទើរតែបាត់បង់សំឡេងភាគច្រើននៅក្នុងរដ្ឋសភា ហើយប្រសិនបើមានគណបក្សជាដៃគូផ្សេងទៀតដកខ្លួនចេញពីក្រុមចម្រុះដែរ នោះរដ្ឋាភិបាលរបស់លោកស្រី អាចនឹងត្រូវដួលរលំ។
* តើមានអ្វីកើតឡើងក្នុងកិច្ចសន្ទនា?
លោកស្រី Paetongtarn បានបើកកិច្ចសន្ទនាតាមទូរស័ព្ទជាមួយសម្ដេចតេជោ ហ៊ុន សែន កាលពីថ្ងៃអាទិត្យ ទី១៥ ខែមិថុនា ពាក់ព័ន្ធនឹងបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ដែលបង្កជាការផ្ទុះអាវុធ ដាក់គ្នាមួយប្រាវ កាលពីខែឧសភា ដោយបណ្ដាលឱ្យទាហានខ្មែរម្នាក់ពលី។ សម្ដេចតេជោ បានបញ្ចេញសំឡេងទាំងស្រុងនៃកិច្ចសន្ទនារយៈពេល ១៧នាទី ជាមួយលោកស្រី Paetongtarn កាលពីថ្ងៃពុធ ទី១៨ ខែមិថុនា ២០២៥ ដោយនៅក្នុងកិច្ចសន្ទនាដែលត្រូវបានថតទុកនោះ លោកស្រី Paetongtarn បានហៅសម្ដេចថា «លោកពូ»។ វាជារឿងធម្មតានៅក្នុងវប្បធម៌ខ្មែរ និងថៃ ដែលក្មេងជំនាន់ក្រោយ ហៅអ្នកដែលមានវ័យចំណាស់ជាងខ្លួនថា «ពូ»។ ប៉ុន្តែអ្វីដែលមិនធម្មតា គឺលោកស្រី Paetongtarn បានរិះគន់មេបញ្ជាការភូមិភាគ២ របស់ថៃថា ជាក្រុមប្រឆាំងធ្វើឱ្យក្រុមអ្នកជាតិនិយម និងគាំទ្រយោធាថៃ ខឹងសម្បារ។
បន្ថែមពីលើនេះ លោកស្រីក៏បានប្រាប់ឱ្យសម្ដេចតេជោ ហ៊ុន សែន លើកឡើងនូវសំណើដែលសម្ដេចចង់បាន ហើយលោកស្រីនឹងដោះស្រាយជូន។ នៅត្រង់នេះក្រុមអ្នករិះគន់លោកស្រី Paetongtarn បានចោទប្រកាន់ថា លោកស្រីបានធ្វើខូចមុខមាត់ជាតិ ហើយធ្វើឱ្យប៉ះពាល់ដល់គោលជំហររបស់ថៃ ក្នុងកិច្ចចរចាជាមួយកម្ពុជានៅពេលអនាគត។ ទោះជាមានការសម្របសម្រួលនយោបាយ រហូតឈានដល់ការអនុញ្ញាតឱ្យលោក Thaksin Shinawatra អាចធ្វើមាតុភូមិនិវត្តន៍ និងលោកស្រី Paetongtarn ឡើងធ្វើជានាយករដ្ឋមន្ត្រីក៏ដោយ ក៏ទំនាក់ទំនងរវាងយោធាថៃ និងគ្រួសារ Shinawatra នៅតែស្ថិតក្នុងភាពមន្ទិលសង្ស័យ ដោយក្រុមអ្នកវិភាគធ្លាប់បាននិយាយថា យល់ថាពួកអ្នករាជានិយម អភិរក្សនិយម និងយោធាថៃ នឹងបញ្ចេញចង្កូម ប្រសិនបើលោកស្រី Shinawatra ធ្វេសប្រហែសធ្វើឱ្យមានកំហុសឆ្គងណាមួយ។
* តើមានរឿងអ្វីផ្សេងនៅពីក្រោយវិបត្តិ?
តាមពិតទៅ រដ្ឋាភិបាលរបស់លោកស្រី Paetongtarn បានទទួលរងសម្ពាធជាច្រើនខែមកហើយ ជាពិសេសគឺបញ្ហាសេដ្ឋកិច្ចដ្ឋ ដោយរដ្ឋាភិបាលរបស់លោកស្រី សម្រេចបានលទ្ធផលតិចតួចប៉ុណ្ណោះចំពោះមុខការសម្លុតគំរាមយកពន្ធគយពីលោកប្រធានាធិបតី ដូណាល់ ត្រាំ ស្របពេលមានទំនាស់ជាមួយគណបក្ស Bhumjaithai ដណ្ដើមគ្នាគ្រប់គ្រងក្រសួងមហាផ្ទៃ។ ភាពតានតឹង និងការបែកបាក់បានផ្ទុះឡើងជាសាធារណៈកាលពីប៉ុន្មានសប្ដាហ៍កន្លងទៅនេះ ដោយបក្សភឿថៃបានចេញមុខនិយាយត្រង់ៗចង់យកតំណែងរដ្ឋមន្ត្រីមហាផ្ទៃ ពីលោក Anutin Charnvirakul ជាមេដឹកនាំគណបក្ស Bhumjaithai។ ក្រុមអ្នករិះគន់បាននិយាយថា លោកស្រី Paetongtarn គឺជាអ្នកនយោបាយស្ទើរបទពិសោធន៍ នៅពេលលោកស្រីឡើងកាន់អំណាចកាលពីខែសីហា ឆ្នាំ២០២៤ ហើយថា អសមត្ថភាពជាមេដឹកនាំ និងស្ទើរបទពិសោធន៍បានលាតត្រដាងឡើង តាមរយៈបញ្ហាព្រំដែនជាមួយកម្ពុជា។
* តើនឹងមានអ្វីកើតឡើងតទៅទៀត?
គណបក្សជាដៃគូចំនួន២ ក្នុងរដ្ឋាភិបាលចម្រុះរបស់លោកស្រី Paetongtarn គ្រោងជួបគ្នានៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីពិភាក្សាពីវិបត្តិដែលកំពុងកើតឡើង។ ប្រសិនបើដូចការរំពឹងទុកពោលគឺ មានគណបក្សណាមួយ ឬគណបក្សទាំង២នេះតែម្ដងដកខ្លួនចេញ នោះរដ្ឋាភិបាលចម្រុះថៃសព្វថ្ងៃអាចនឹងដួលរលំ។ ប្រសិនបើរឿងបែបនេះកើតឡើងពិតមែន លោកស្រី Paetongtarn អាចនឹងរំសាយរដ្ឋសភា ហើយអំពាវនាវឱ្យរៀបចំការបោះឆ្នោតសកលមុនអាណត្តិ ដែលអាចនឹងធ្វើឡើងក្នុងរយៈពេល៦០ថ្ងៃ។ ឬបើពុំដូច្នោះទេ លោកស្រី Paetongtarn អាចនឹងត្រូវលាលែង ចេញពីតំណែងជានាយករដ្ឋមន្ត្រី ដោយទុកឱ្យគណបក្សផ្សេងក្នុងក្រុមចម្រុះបង្កើតរដ្ឋាភិបាលចម្រុះថ្មី។
តែនៅត្រង់ចំណុចបង្កើតរដ្ឋាភិបាលចម្រុះថ្មីជារឿងដ៏ពិបាក ក៏ព្រោះតែគ្មានកុងសង់ស៊ីសច្បាស់លាស់ក្នុងចំណោមគណបក្សជាដៃគូ ដែលអាចសម្រេចបានសំឡេងភាគច្រើននោះទេ។ ដោយសារតែធ្លាប់ឆ្លងកាត់រដ្ឋប្រហារជាច្រើនមកនេះ គេក៏មិនអាចច្រានចោលទាំងស្រុងនោះដែរ ពីលទ្ធភាពដែលយោធាធ្វើអន្តរាគមន៍៕