(បាងកក)៖ អ្នកនាំពាក្យកងទ័ពថៃ លោក Winthai Suwari បាននិយាយនៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនាថា មេបញ្ជាការកងទ័ពជើងគោកថៃ លោក Pana Klaoplaodthuk បានបង្ហាញការព្រួយបារម្ភពីវិបត្តិនយោបាយក្នុងស្រុកនាពេលបច្ចុប្បន្ន ដែលកំពុងគំរាមកំហែងដល់តំណែង ជានាយករដ្ឋមន្ត្រីរបស់លោកស្រី Paetongtarn Shinawatra។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

លោកឧត្តមសេនីយ៍រូបនេះបានអំពាវនាវឱ្យថៃរួបរួមគ្នា និងជឿជាក់លើយោធាថៃ ជាមួយការអះអាងឡើងវិញពីការប្ដេជ្ញាចិត្ត ចំពោះគោលការណ៍ប្រជាធិបតេយ្យ ក្រោមរដ្ឋធម្មនុញ្ញអាស្រ័យលើរាជានិយម។

លោកស្រី Paetongtarn Shinawatra កំពុងរងសម្ពាធទាមទារឱ្យចុះចេញពីតំណែង បន្ទាប់ពីផ្ទុះរឿងអាស្រូវបែកធ្លាយកិច្ចសន្ទនាតាមរទូរស័ព្ទ ជាមួយប្រធានព្រឹទ្ធសភាកម្ពុជា សម្ដេចតេជោ ហ៊ុន សែន។ លើសពីនេះទៅទៀត រដ្ឋាភិបាលចម្រុះរបស់លោកស្រី កំពុងប្រឈមមុខនឹងការដួលរលំផងដែរ ក្រោយគណបក្ស Bhumjaithai ប្រកាសដកខ្លួនចេញពីក្រុមចម្រុះ៕