(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងទុកឱ្យពិភពលោកឆ្ងល់ថាតើសហរដ្ឋអាមេរិកនឹងចូលរួមក្នុងការវាយប្រហាររបស់អ៉ីស្រាអែលលើរោងចក្រនុយក្លេអ៊ែររបស់អ៉ីរ៉ង់ដែរឬក៏យ៉ាងណា ខណៈសង្រ្គាមផ្លូវអាកាសរវាងអ៉ីស្រាអែល និងអ៉ីរ៉ង់ បានឈានចូលថ្ងៃទី៧ នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា។ នេះបើតាមការចេញផ្សាយដោយួទីភ្នាក់ងារសារព័ត៌មាន Reuters។

នៅចំពោះមុខក្រុមអ្នកសារព័ត៌មាននៅខាងក្រៅសេតវិមាន នៅថ្ងៃពុធ ទី១៨ ខែមិថុនា លោក ត្រាំ បានបដិសេធឆ្លើយនឹងសំណួរថាតើរូបលោកបានសម្រេចចិត្តថាចូលរួមក្នុងយុទ្ធនាការរបស់អ៉ីស្រាអែលហើយ ឬនៅ? លោក ត្រាំ បាននិយាយថា «ខ្ញុំប្រហែលជានឹងចូលរួម ហើយខ្ញុំក៏ប្រហែលជានឹងមិនចូលរួមដែរ។ ខ្ញុំចង់មានន័យថាគ្មាននរណាម្នាក់ដឹងថាខ្ញុំកំពុងធ្វើអ្វីនោះទេ»។ បន្តិចក្រោយមក លោក ត្រាំ បន្តថា ក្រុមមន្ត្រីអ៉ីរ៉ង់ចង់ធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោនដើម្បីកិច្ចចរចា ប៉ុន្តែលោកថាវាដូចជាយឺតពេលបន្តិចទៅហើយសម្រាប់កិច្ចចរចា។ ក្នុងពេលដំណាលគ្នាដែរ កាសែតអាមេរិក Wall Street Journal បានរាយការណ៍ថាលោក ត្រាំ ប្រាប់ក្រុមមន្ត្រីជំនិតៗរបស់លោកថារូបលោកបានអនុតម័តយល់ព្រមលើផែនការវាយប្រហារលើអ៉ីរ៉ង់ តែលោកបានបញ្ឈប់ផែនការនេះសិន ដើម្បីរង់ចាំមើលថាតើអ៉ីរ៉ង់នឹងបោះបង់ ចោលកម្មវិធីនុយក្លេអ៊ែរ ឬក៏អត់?

គួរបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ បារាំង និងចក្រភពអង់គ្លេស មានផែនការរៀបចំកិច្ចចរចានុយក្លេអ៊ែរជាមួយសមភាគីអ៉ីរ៉ង់ នៅថ្ងៃសុក្រសប្ដាហ៍នេះ ក្នុងទីក្រុងហ្សឺណែវ ក្នុងគោលបំណងដើម្បីបញ្ចុះបញ្ចូលឱ្យអ៉ីរ៉ង់ធ្វើការធានាយ៉ាងរឹងមំាមួយថាតេហេរ៉ង់នឹងប្រើប្រាស់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន សម្រាប់កម្មវិធីស៊ីវិលតែប៉ុណ្ណោះ៕