(តេហេរ៉ង់)៖ នៅថ្ងៃពុធ ទី១៨ ខែមិថុនា មេដឹកនាំកំពូលនៃប្រទេសអ៉ីរ៉ង់ លោក Ayatollah Ali Khamenei បានប្តេជ្ញាថា ប្រទេសរបស់លោក នឹងមិនបង្ហាញធម៌មេត្តាដាច់ខាត ចំពោះមេដឹកនាំអ៉ីស្រាអែល បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានទាមទារឱ្យទីក្រុងតេហេរ៉ង់ យល់ព្រមចុះចាញ់ដោយឥតលក្ខខណ្ឌ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
លោក Khamenei បានបង្ហោះសារយ៉ាងដូច្នេះថា «យើងចាំបាច់ត្រូវធ្វើការឆ្លើយតបឱ្យរឹងមាំ ចំពោះរបបភេរវកម្មដូចជាអ៉ីស្រាអែល។ ពួកយើងនឹងមិនបង្ហាញធម៌មេត្តា ចំពោះមេដឹកនាំអ៉ីស្រាអែលឡើយ»។ កាលពីថ្ងៃសុក្រសប្តាហ៍មុន អ៉ីស្រាអែលបានបើកយុទ្ធនាការទម្លាក់គ្រាប់បែកយ៉ាងខ្លាំងក្លាមិនធ្លាប់មាន លើទីតាំងនុយក្លេអ៊ែរនិងមូលដ្ឋានយោធារបស់អ៉ីរ៉ង់ ព្រមទាំងលើតំបន់លំនៅដ្ឋានរបស់ប្រជាជន។
គួរបញ្ជាក់ថា អ៉ីរ៉ង់បានឆ្លើយតបវិញ តាមរយៈការបាញ់ស្រោចមីស៉ីលនិងយន្តហោះដ្រូន ហើយនៅថ្ងៃពុធនេះ បានអះអាងថា ខ្លួនបានប្រើមីស៉ីលល្បឿនលឿនជាងសំឡេង វាយប្រហារលើអ៉ីស្រាអែល។ កាលពីថ្ងៃអង្គារសប្តាហ៍នេះ លោក ត្រាំ បានទាមទារឱ្យអ៉ីរ៉ង់ចុះចាញ់ដោយឥតលក្ខខណ្ឌ ហើយថែមទាំងអួតអាតថា សហរដ្ឋអាមេរិកមានសមត្ថភាពសម្លាប់ លោក Khamenei យ៉ាងងាយស្រួល ប្រសិនបើខ្លួនចង់៕