(វ៉ាស៊ីនតោន)៖ នាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិអាមេរិក លោកស្រី Tulsi Gabbard មិនមានភាពស្ទាក់ស្ទើរឡើយ នៅពេលលោកស្រីផ្ដល់សក្ខីកម្មទៅកាន់សភា អំពីកម្មវិធីនុយក្លេអ៊ែរអ៉ីរ៉ង់កាលពីដើមឆ្នាំ២០២៥។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AP។
នៅចំពោះមុខសមាជិកសភា លោកស្រី Tulsi Gabbard បាននិយាយថាអ៉ីរ៉ង់មិនមែនកំពុងផលិតអាវុធនុយក្លេអ៊ែរនោះទេ ហើយមេដឹកនាំកំពូលអ៉ីរ៉ង់ក៏មិនបានអនុញ្ញាតឱ្យ ផលិតអាវុធនុយក្លេអ៊ែរនោះដែរ បើទោះជាតេហេរ៉ង់បានបង្កើនការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមកម្រិតខ្ពស់ក៏ដោយ។ ក៏ប៉ុន្តែ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានទាត់ចោលការវាយតម្លៃរបស់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក អំឡុងជិះនៅលើយន្ដហោះត្រឡប់ទៅកាន់ទីក្រុងវ៉ាស៊ីនតោនវិញកាលពីថ្ងៃចន្ទ ទី១៦ ខែមិថុនា បន្ទាប់ពីចាកចេញពីកិច្ចប្រជុំកំពូល G7 ក្នុងប្រទេសកាណាដាមុនមួយថ្ងៃ ដើម្បីផ្តោតលើជម្លោះរវាងអ៉ីស្រាអែល និងអ៉ីរ៉ង់។ «ខ្ញុំមិនខ្វល់ថាលោកស្រីបាននិយាយអ្វីនោះទេ»។ នេះជាការបញ្ជាក់របស់លោក ត្រាំ ប្រាប់ក្រុមអ្នកសារព័ត៌មាន ដោយនៅក្នុងទស្សនៈរបស់លោក អ៉ីរ៉ង់កំពុងខិតកាន់តែជិតទៅរកការផលិតអាវុធនុយក្លេអ៊ែរ។
គួរបញ្ជាក់ថា ការយល់ឃើញរបស់លោក ត្រាំ គឺស្របគ្នាទៅនឹងគំនិតរបស់លោកនាយករដ្ឋមន្ត្រីអ៉ីស្រាអែល Benjamin Netanyahu ដែលបានចាត់ទុកប្រទេសអ៉ីរ៉ង់មួយ ដែលមានអាវុធនុយក្លេអ៊ែរ ជាការគំរាមកំហែងភ្លាមៗចំពោះសន្តិសុខជាតិអ៉ីស្រាអែល។ លោក Netanyahu បានប្រើហេតុផលនេះឯងដើម្បីបើកការវាយប្រហារលើអ៉ីរ៉ង់។ ក្រុមមន្ត្រីអាមេរិកបានបន្ធូរបន្ថយការយល់ឃើញផ្ទុយគ្នារវាងលោក ត្រាំ និងលោកស្រី Gabbard ដោយនិយាយថាការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមអាចជំរុញឱ្យអ៉ីរ៉ង់ បកមក រកការអភិវឌ្ឍអាវុធនុយក្លេអ៊ែរវិញ។ លោកស្រី Gabbard ក៏បានបន្ទោសប្រព័ន្ធផ្សព្វផ្សាយដែរថាបានយល់ខុសចំពោះការលើកឡើងរបស់លោកស្រី ដោយសង្កត់ធ្ងន់ថា លោកប្រធានាធិបតី ត្រាំ បាននិយាយដូចគ្នានូវអ្វីដែលខ្ញុំបាននិយាយ៕