(វែលីងតោន)៖ នាយករដ្ឋមន្រ្តីនូវែលសេឡង់ លោក Christopher Luxon នឹងទៅកាន់ប្រទេសចិន ចាប់ពីថ្ងៃអង្គារ ទី១៦ ខែមិថុនានេះ ដោយសម្លឹងរកការអភិវឌ្ឍទំនាក់ទំនងពាណិជ្ជកម្ម ទាក់ទាញភ្ញៀវទេសចរ និងនិស្សិត ខណៈបញ្ហាសន្តិសុខ និងការពារជាតិ នឹងជាចំណុចពិសេសមួយក្នុងរបៀបវារៈនៃកិច្ចប្រជុំថ្នាក់ដឹកនាំ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៧ ខែមិថុនា ឆ្នាំ ២០២៥។
ការិយាល័យនាយករដ្ឋមន្រ្តីនូវែលសេឡង់ បានឱ្យដឹងថា ដំណើរទស្សនកិច្ចលើកដំបូងរបស់លោក Luxon ទៅកាន់ប្រទេសចិន នឹងរួមមានការចុះទៅកាន់ទៅទីក្រុងសៀងហៃ មុនពេលធ្វើដំណើរទៅទីក្រុងប៉េកាំង សម្រាប់ជំនួបនាថ្ងៃសុក្រ ជាមួយប្រធានាធិបតី លោក ស៉ី ជីនពីង និងនាយករដ្ឋមន្ត្រី Li Qiang។ មុនពេលចេញដំណើរ លោក Luxon បានបង្ហោះសារឱ្យដឹងថា «របៀបវីរៈរបស់យើង គឺធ្វើឱ្យសេដ្ឋកិច្ចរីកចម្រើន បង្កើតការងារបន្ថែម លើកកម្ពស់ប្រាក់ឈ្នួល និងប្រាក់បន្ថែមដល់ប្រជាជន»។
គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់ លោក Luxon ធ្វើឡើងនៅពេលដែលឥទ្ធិពលចិន ក្នុងតំបន់ប៉ាស៉ីហ្វិកកំពុងកើនឡើង អំឡុងប៉ុន្មានឆ្នាំចុងក្រោយនេះ និងដែលបានធ្វើឱ្យប្រទេសលោកខាងលិចជាច្រើន មានការព្រួយបារម្ភ៕