(ប៉េកាំង)​​៖ នៅថ្ងៃអង្គារ ទី១៧ ខែមិថុនា ចិនបានចោទប្រកាន់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ថាចាក់សាំងបន្ថែមទៅលើភ្លើង ជុំវិញការកើនឡើងនៃជម្លោះយ៉ាងក្តៅគគុក រវាងអ៉ីរ៉ង់និងអ៉ីស្រាអែល បន្ទាប់ពីលោកប្រធានាធិបតីអាមេរិក បានព្រមានអ្នករស់នៅក្នុង​រដ្ឋធានីរបស់អ៉ីរ៉ង់ ឱ្យជម្លៀសខ្លួនចេញពីបន្ទាន់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

នៅពេលត្រូវបានសាកសួរអំពីសម្តីរបស់លោក ត្រាំ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun បាននិយាយដូច្នេះថា «ការបក់ភ្លើងឱ្យកាន់តែឆេះខ្លាំង ចាក់សាំងបន្ថែមទៅលើភ្លើង ប្រើពាក្យសម្តីគំរាមកំហែង ហើយបង្កើនការដាក់សម្ពាធ នឹងមិនអាចជួយលើកកម្ពស់ការបន្ធូរបន្ថយស្ថានការណ៍មកវិញឡើយ ប៉ុន្តែនឹងមានតែធ្វើឱ្យជម្លោះកាន់តែតានតឹង និងរីករាលដាលកាន់តែធំប៉ុណ្ណោះ»

លោក Guo បានបន្ថែមថា «ភាគីចិនបន្តអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសប្រទេសដែលមានឥទ្ធិពលលើអ៉ីស្រាអែល អនុវត្តការទទួលខុសត្រូវរបស់ខ្លួន ហើយចាប់យកចំណាត់ការបន្ទាន់ ដើម្បីបន្ធូរបន្ថយស្ថានការណ៍ និងរារាំងកុំឱ្យជម្លោះរីករាលដាលកាន់តែធំ»។ នៅថ្ងៃអង្គារនេះ ស្ថានទូតចិនប្រចាំនៅអ៉ីស្រាអែល ក៏បានអំពាវនាវផងដែរឱ្យពលរដ្ឋខ្លួនទាំងអស់ ចាកចេញពីប្រទេសអ៉ីស្រាអែល ឱ្យបានឆាប់ៗតាមតែអាចទៅរួច បន្ទាប់ពីអ៉ីស្រាអែលនិងអ៉ីរ៉ង់ បន្តការវាយប្រយុទ្ធគ្នាខ្លាំងៗ ចូលដល់ថ្ងៃទី៥។

គួរបញ្ជាក់ថា ក្រោយអរិភាពនិងសង្រ្គាមស្រមោលដែលអូសបន្លាយរាប់ទសវត្សរ៍ ទីបំផុតអ៉ីស្រាអែល បានបើកការវាយប្រហារទ្រង់ទ្រាយធំតាមផ្លូវអាកាស កាលពីថ្ងៃសុក្រសប្តាហ៍មុន ទៅលើគោលដៅជាច្រើននៅទូទាំងប្រទេសអ៉ីរ៉ង់ ជាមួយការអះអាងថា ក្រោមវត្ថុបំណងទប់ស្កាត់កុំឱ្យសត្រូវដ៏ធំបំផុតរបស់ខ្លួនមួយនេះ ផលិតអាវុធនុយក្លេអ៊ែរបាន។ យ៉ាងណាមិញ អ៉ីរ៉ង់ បានបដិសេធម្តងហើយម្តងទៀត ចំពោះការចោទប្រកាន់អំពីមហិច្ឆតានេះ៕