(KANASKIS, កាណាដា)៖ បណ្តាមេដឹកនាំពិភពលោក នៅក្នុងកិច្ចប្រជុំនៃក្រុមប្រទេស G7 កាលពីថ្ងៃចន្ទសប្តាហ៍នេះ បានជំរុញឱ្យប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ងាកចេញពីការធ្វើឱ្យមានសង្រ្គាមពាណិជ្ជកម្ម ដោយលើកហេតុផលថា វាបង្កហានិភ័យដល់ស្ថិរភាពសេដ្ឋកិច្ចពិភពលោក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៧ ខែមិថុនា ឆ្នាំ ២០២៥។
ប្រទេសភាគច្រើនដែលបង្ហាញខ្លួននៅ G7 គឺជាកម្មវត្ថុនៃពន្ធគោល ១០ភាគរយ ដែលលោក ត្រាំ បានដាក់ចេញរួចហើយ ខណៈប្រទេសនៅអឺរ៉ុប និងជប៉ុន ក៏ទទួលរងការយកពន្ធបន្ថែមលើរថយន្ត ដែកថែប និងអាលុយមីញ៉ូមផងដែរ។ មេដឹកនាំ G7 បានប្រើប្រាស់ឱកាសនេះអង្គុយជជែកទល់មុខជាមួយ លោក ត្រាំ ដោយរំពឹងថាអាចស្វែងរកការលុបចោល នូវការគំរាមកំហែងដាក់ពន្ធកាន់តែខ្លាំង ពីសំណាក់សហរដ្ឋអាមេរិក។
មន្ត្រីជាន់ខ្ពស់អាល្លឺម៉ង់ម្នាក់ បានប្រាប់អ្នកយកព័ត៌មាន ដោយមិនបញ្ចេញឈ្មោះថា «មេដឹកនាំជាច្រើន បានស្នើសុំឱ្យមានការបញ្ចប់ជម្លោះលើបញ្ហាពន្ធ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដោយប្រកែកថា ជម្លោះនេះនឹងធ្វើឱ្យសេដ្ឋកិច្ចរបស់ G7 ចុះខ្សោយ ហើយនៅទីបំផុតនឹងពង្រឹងតែចិនប៉ុណ្ណោះ»។
គួរបញ្ជាក់ថា ប្រទេសជាច្រើនកំពុងជាប់គាំង ក្នុងការចរចាជាមួយទីក្រុងវ៉ាស៉ីនតោន ដើម្បីសម្រេចកិច្ចព្រមព្រៀងពាណិជ្ជកម្មួមួយ មុនថ្ងៃឱសានវាទយកពន្ធបដិការមកដល់ គឺនៅថ្ងៃទី៩ ខែកក្កដា៕