(Kananaskis, កាណាដា)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃចន្ទ ទី១៦ ខែមិថុនា បានជំរុញឱ្យអ្នករស់នៅក្នុងរដ្ឋធានីតេហេរ៉ង់ទាំងអស់ជម្លៀសខ្លួនចេញជាបន្ទាន់ ជាការគាំទ្រដល់ការព្រមានរបស់នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu ដែលបាន និងកំពុងបើកការវាយប្រហារទ្រង់ទ្រាយធំលើអ៉ីរ៉ង់។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP។
លោក ដូណាល់ ត្រាំ បានគូសបញ្ជាក់ក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម Truth Social ដូច្នេះថា «មនុស្សទាំងអស់គួរតែចាកចេញជាបន្ទាន់ពីរដ្ឋធានីតេហេរ៉ង់។ អ៉ីរ៉ង់ មិនអាចមានអាវុធនុយក្លេអ៊ែរដាច់ខាត»។ លោក ត្រាំ មិនបានបញ្ជាក់អ្វីលម្អិតទេ ខណៈមានប្រជាជនជិត ១០លាននាក់កំពុងរស់នៅក្នុងរដ្ឋធានីតេហេរ៉ង់។
ការព្រមានរបស់លោក ត្រាំ ធ្វើឡើងក្រោយយោធាអ៉ីស្រាអែលបានព្រមានឱ្យប្រជាជនអ៉ីរ៉ង់នៅក្នុងតំបន់មួយក្បែរដ្ឋធានីតេហេរ៉ង់ ជម្លៀសខ្លួនចេញជាបន្ទាន់ មុននឹងអ៉ីស្រាអែលបើក ការវាយប្រហារតាមផ្លូវអាកាស។ លោក ត្រាំ បានបដិសេធម្ដងហើយម្ដងទៀតដោយមិននិយាយថាតើសហរដ្ឋអាមេរិកនឹងចូលរួមក្នុងសកម្មភាពយោធារបស់អ៉ីស្រាអែលប្រឆាំងនឹងអ៉ីរ៉ង់ ដែរឬក៏យ៉ាងណានោះទេ បើទោះជាលោកបញ្ជាក់ថាសហរដ្ឋអាមេរិកមិនបានចូលរួមក្នុងការវាយប្រហាររបស់អ៉ីស្រាអែលលើអ៉ីរ៉ង់កាលពីថ្ងៃសុក្រសប្ដាហ៍មុនឡើយ។
ការវាយប្រយុទ្ធគ្នារវាងអ៉ីស្រាអែល និងអ៉ីរ៉ង់បានឈានចូលដល់ថ្ងៃទី៥ ហើយមិនទាន់មានសញ្ញាពីភាពធូរស្រាលនៅឡើយទេ៕