(តេហេរ៉ង់)៖ ប្រធានាធិបតីអ៉ីរ៉ង់ លោក Masoud Pezeshkian បាននិយាយថ្ងៃចន្ទ ទី១៦ ខែមិថុនានេះថា អ៉ីរ៉ង់មិនមានបំណងអភិវឌ្ឍអាវុធនុយក្លេអ៊ែរទេ ប៉ុន្តែនឹងបន្តសិទ្ធិរបស់ខ្លួនក្នុងការប្រើប្រាស់ថាមពលនុយក្លេអ៊ែរ និងការស្រាវជ្រាវ។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោកប្រធានាធិបតី Pezeshkian បាននិយាយដោយរំលឹកឡើងវិញនូវបទបញ្ជាសាសនារបស់មេដឹកនាំកំពូល លោក Ayatollah Ali Khamenei ប្រឆាំងនឹងការផលិតអាវុធប្រល័យលោក។

អ៉ីរ៉ង់ កំពុងឆ្លេីយតបទៅនឹងការវាយប្រហារមុនរបស់អ៉ីស្រាអែល ដែលបាននិងកំពុងក្លាយជាសង្រ្គាមផ្លូវអាកាសមិនធ្លាប់មាន រវាងប្រទេសទាំងពីដែលជាគូរសត្រូវនឹងគ្នាស្រាប់។ ក្នុងការវាយប្រហារសងសឹកគ្នាប៉ុន្មានថ្ងៃមកនេះ នៅអ៉ីរ៉ង់មានអ្នកស្លាប់ជាង២០០នាក់ និងរបួសជាង១០០០នាក់ ខណៈនៅអ៉ីស្រាអែល មានអ្នកស្លាប់ប្រហែល២០នាក់ និងរបួសជាង ៤០០នាក់។

ដោយឡែក កិច្ចចរចានុយក្លេអ៊ែររវាងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់នៅក្នុងជុំថ្មី កាលពីថ្ងៃអាទិត្យ ក៏ត្រូវបានលុបចោលផងដែរ។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានកាន់តែធ្ងន់ជាងមុនទៅលេីអ៉ីរ៉ង់ ប៉ុន្តែថាវាមិនយឺតពេលទេ ក្នុងការបញ្ឈប់អ៉ីស្រាអែល ប្រសិនបើទីក្រុងតេហេរ៉ង់ ព្រមទម្លាក់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន៕