(វ៉ាស៉ីនតោន)៖ ប្រធានាធិបតី លោក ដូណាល់ ត្រាំ បាននិយាយថា កិច្ចខិតខំប្រឹងប្រែងដើម្បីបណ្តេញអ្នករស់នៅខុសច្បាប់ ក្នុងសហរដ្ឋអាមេរិក ត្រូវតែពង្រីករួមទាំងពីទីក្រុង ដូចជា Los Angeles, Chicago និង New York ដែលកំពុងមានការតវ៉ាប្រឆាំងនឹងអាជ្ញាធរអន្តោប្រវេសន៍។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៦ ខែមិថុនា ឆ្នាំ ២០២៥។
លោក ត្រាំ កំពុងអនុវត្តពាក្យសន្យាបណ្តេញជនអន្តោប្រវេសន៍ ដោយប្រើប្រាស់យុទ្ធសាស្ត្របង្ខំ ដែលបានធ្វើឱ្យលោកជាប់ឆ្នោតពីរលេីកជាប្រធានាធិបតីអាមេរិក។ តាមសេចក្តីរាយកាណ៍របស់ Reuters កាលពីថ្ងៃសៅរ៍ រដ្ឋបាលរបស់លោក បានដឹកនាំមន្ត្រីអន្តោប្រវេសន៍ដោយផ្ទាល់ ចុះទៅឆែកឆេរនៅតាមកសិដ្ឋាន សណ្ឋាគារ ភោជនីយដ្ឋាន និងរោងចក្រនានា។
លោក ត្រាំ បានបញ្ជាក់តាមបណ្តាញសង្គម Truth Social ថា «ខ្ញុំបានដឹកនាំរដ្ឋបាលទាំងមូលរបស់ខ្ញុំ ឱ្យដាក់ធនធានដែលអាចធ្វើទៅបានបន្ថែមលេីកិច្ចប្រឹងប្រែងនេះ»។
លោក ត្រាំ មិនបានលម្អិតទេថាតើលោកមានបំណងបង្កើនកិច្ចខិតខំប្រឹងប្រែងយ៉ាងណានោះ។ ការអត្ថាធិប្បាយនេះកើតមានឡេីង បន្ទាប់ពីភាពតានតឹងមួយសប្តាហ៍នៅក្នុងទីក្រុង Los Angeles ជាកន្លែងដែលមានការដាក់ពង្រាយទ័ពឆ្មាំជាតិ និងទាហានម៉ារីនអាមេរិកឱ្យទៅជួយរក្សាសន្តិភាព ហេីយខ្ទាស់នឹងអភិបាលរដ្ឋ California លោក Gavin Newsom៕