(Reuters)៖ បណ្ដាមេដឹកនាំនៃក្រុមប្រទេស G7 នឹងត្រូវជួបប្រជុំគ្នា ចាប់ពីថ្ងៃអាទិត្យ រហូតដល់ថ្ងៃអង្គារសប្ដាហ៍នេះ នៅក្នុងប្រទេសកាណាដា ដោយជម្លោះរវាងអ៉ីស្រាអែល និងអ៉ីរ៉ង់ ត្រូវបានរំពឹងថានឹងស្ថិតនៅជារបៀបវារៈកំពូល ខណៈកាណាដាដែលជាម្ចាស់ផ្ទះរំពឹងថាអាចនឹងបញ្ចៀសការឈ្លោះប្រកែកគ្នាជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney បាននិយាយថាអាទិភាពរបស់លោក គឺពង្រឹងសន្តិភាព សន្តិសុខ ព្រមទាំងកសាងខ្សែច្រវាក់ផ្គត់ផ្គង់រ៉ែសំខាន់ ក៏ដូចជាបង្កើតការងារ។ ប៉ុន្តែ បញ្ហាធំៗផ្សេងទៀតដូចជាគោលនយោបាយពន្ធគយរបស់សហរដ្ឋអាមេរិក និងជម្លោះរវាងអ៉ីស្រាអែល-អ៉ីរ៉ង់ រួមទាំងសង្រ្គាមនៅអ៊ុយក្រែនត្រូវបានគេរំពឹងថានឹងក្លាយជាប្រធានបទក្ដៅ ក្នុងកិច្ចប្រជុំកំពូល G7។
គួរបញ្ជាក់ថា អ៉ីស្រាអែល កាលពីថ្ងៃសុក្រសប្ដាហ៍មុន បានបើកការវាយប្រហារតាមផ្លូវអាកាសទ្រង់ទ្រាយធំលើអ៉ីរ៉ង់ ក្នុងគោលបំណងដែលក្រុមមន្ត្រីអ៉ីស្រាអែលអះអាងថាដើម្បីបញ្ឈប់ កម្មវិធីនុយក្លេអ៊ែររបស់អ៉ីរ៉ង់ បន្ទាប់ពីចារកម្មអ៉ីស្រាអែលអះអាងថាតេហេរ៉ង់មានសារធាតុអ៊ុយរ៉ាញ៉ូមគ្រប់គ្រាន់ដើម្បីផលិតអាវុធនុយក្លេអ៊ែរ។ ចាប់តាំងពីថ្ងៃសុក្រមក អ៉ីស្រាអែល និងអ៉ីរ៉ង់ បានវាយប្រហារសងសឹកគ្នាទៅវិញទៅមក ដោយការវាយប្រហាររបស់អ៉ីស្រាអែលសម្លាប់មនុស្ស ២២៤នាក់ រីឯការវាយប្រហារសងសឹករបស់អ៉ីរ៉ង់លើអ៉ីស្រាអែល សម្លាប់មនុស្ស ១៤នាក់។ មកទល់នឹងព្រឹកថ្ងៃចន្ទ ទី១៦ ខែមិថុនា អ៉ីស្រាអែល និងអ៉ីរ៉ង់នៅតែបន្តវាយប្រហារដាក់គ្នាទៅវិញទៅមក៕