(ហ្សេរុយសាឡិម)៖ ប្រទេសអ៊ីស្រាអែលនៅថ្ងៃអាទិត្យនេះ បានចេញសេចក្តីព្រមានឲ្យប្រជាជនអ៊ីរ៉ង់ដែលរស់នៅក្បែរទីតាំងផលិតអាវុធក្នុងទីក្រុងតេអេរ៉ង់ធ្វើការជម្លៀសខ្លួន ខណៈដែលប្រទេសទាំងពីរបន្តវាយប្រហារគ្នាទៅវិញទៅមកដោយមីស៊ីល ដែលបានចាប់ផ្តើមកាលពីថ្ងៃសុក្រ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១៥ ខែមិថុនា ឆ្នាំ២០២៥។
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Israel Katz បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយដូច្នេះថា «យោធាអ៊ីស្រាអែលនឹងវាយប្រហារទីតាំងទាំងនេះ ហើយនឹងបន្តបកស្បែកពស់អ៊ីរ៉ង់នៅទីក្រុងតេអេរ៉ង់ និងគ្រប់ទីកន្លែង ដោយកំណត់គោលដៅលើសមត្ថភាពនុយក្លេអ៊ែរ និងប្រព័ន្ធអាវុធ»។
កាលពីព្រឹកថ្ងៃអាទិត្យ អ្នកនាំពាក្យយោធាអ៊ីស្រាអែលម្នាក់បានបង្ហោះសារនៅលើបណ្តាញសង្គម X ជាភាសាអារ៉ាប់ និងហ្វាស៊ី (Farsi) ដោយបានចេញសេចក្តីព្រមានឲ្យប្រជាជនអ៊ីរ៉ង់ដែលរស់នៅក្បែរទីតាំងផលិតអាវុធ ធ្វើការជម្លៀសខ្លួន។ អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា ការព្រមាននេះរួមបញ្ចូលទាំងរោងចក្រផលិតអាវុធទាំងអស់ និងទីតាំងគាំទ្រនានា។
គួរបញ្ជាក់ថា ប្រទេសអ៊ីស្រាអែលបានបើកការវាយប្រហារយោធាដ៏ធំបំផុតរបស់ខ្លួន ប្រឆាំងនឹងអ៊ីរ៉ង់កាលពីថ្ងៃសុក្រ ដោយបានបញ្ជាក់ថា គោលដៅរបស់ខ្លួនគឺដើម្បីបញ្ឈប់អ៊ីរ៉ង់ពីការផលិតអាវុធបរមាណូ និងដើម្បីកម្ទេចសមត្ថភាពមីស៊ីលបាលីស្ទិករបស់អ៊ីរ៉ង់៕