(ញូវយ៉ក)៖ អ៉ីរ៉ង់ បានចោទប្រកាន់សហរដ្ឋអាមេរិកថា បានដឹងមុនអំពីការវាយប្រហាររបស់អ៉ីស្រាអែលមកលេីអ៉ីរ៉ង់ ខណៈទីក្រុងវ៉ាស៉ីនតោនបានបដិសេធ ហេីយប្រាប់ទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ថា អ៉ីរ៉ង់គួរតែឆ្លាតវៃក្នុងចរចាលើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១៤ ខែមិថុនា ឆ្នាំ ២០២៥។
អ៉ីស្រាអែល នៅថ្ងៃសុក្រ ទី១៣ ខែមិថុនា បានបេីកការវាយប្រហារតាមផ្លូវអាកាសទ្រង់ទ្រាយធំ ដោយផ្តោតលើរោងចក្រនុយក្លេអ៊ែរ និងយោធាអ៉ីរ៉ង់។ មកទល់នឹងយប់ថ្ងៃសុក្រ អ៉ីរ៉ង់បានវាយប្រហារសងសឹកវិញ ដោយបាញ់មីស៉ីលលេីទីក្រុងធំចំនួនពីររបស់អ៉ីស្រាអែល។
តំណាងអចិន្រ្តៃយ៍របស់អ៉ីរ៉ង់នៅ UN លោក Amir Saeid Iravani ចោទប្រកាន់ថា អ៉ីស្រាអែលកំពុងសម្លាប់មធ្យោបាយការទូត និងអូសទាញតំបន់ឱ្យធ្លាក់ទៅក្នុងជម្លោះដោយបន្ថែមថា ការចូលដៃចូលជេីងពីទីក្រុងវ៉ាស៊ីនតោន វាហួសពីរឿងដែលគួរឱ្យសង្ស័យទៅទៀត។ លោក Iravani បានប្រាប់ក្រុមប្រឹក្សាសន្តិសុខថា អ្នកគាំទ្រសកម្មភាពនេះ នឹងទទួលខុសត្រូវទាំងស្រុងចំពោះផលវិបាក។
លោក Danny Danon ឯកអគ្គរដ្ឋទូតអ៉ីស្រាអែលនៅ UN បាននិយាយថា អ៉ីរ៉ង់បាននិងកំពុងត្រៀមខ្លួនសម្រាប់សង្គ្រាម ហើយការវាយប្រហាររបស់អ៉ីស្រាអែល គឺជាសកម្មភាពទប់ស្កាត់គ្រោះថ្នាក់ចំពោះជាតិ៕