(ប៉េកាំង)៖ នៅពេលដែលទូរស័ព្ទដៃ Huawei បានទម្លុះការទប់ស្កាត់បន្ទះឈីប 5G នៅពេលដែលយានអវកាសរុករក តាមព្រះច័ន្ទលេខ Chang'e បាននាំយកដីពីឋានព្រះចន្ទមកវិញ ហើយនៅពេលដែលនាវាមុជទឹកលេខ Fendouzheបានចុះចតដោយជោគជ័យនៅបាតសមុទ្រ Mariana Trench ដែលមានជម្រៅមួយម៉ឺនម៉ែត្រ។

នៅពីក្រោយសមិទ្ធផលទាំងអស់នេះ មានពាក្យគន្លឹះទូទៅមួយគឺ ខ្លួនទីពឹងខ្លួន។ ខណៈពេលដែលប្រព័ន្ធនាំផ្លូវដោយផ្កាយរណប Beidouផ្តល់សេវាកម្មដល់ប្រទេសជាង និងតំបន់ជាង២០០ លើពិភពលោក DeepSeekបន្ថយកម្រិតសម្រាប់ការសិក្សាស្រាវជ្រាវ និងការអភិវឌ្ឍ AIតាមរយៈកិច្ចសហការប្រភពបើកចំហ... នៅពីក្រោយវិធានការទាំងនេះក៏មានពាក្យគន្លឹះទូទៅ គឺការចែករំលែកនិងបើកចំហ។

យុទ្ធសាស្រ្តនៃការពឹងផ្អែកលើខ្លួនឯងខាងបច្ចេកវិទ្យារបស់ប្រទេសចិន គឺដូចជាក្បាលម៉ាស៊ីនយ៉ាងខ្លាំងដែលជំរុញដល់ ការកសាងទំនើបកម្មរបស់ប្រទេសចិន និងការរីកចម្រើនផ្នែកបច្ចេកវិទ្យារបស់ពិភពលោក។ តាំងពីបុរាណកាលមក វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាបាននិងកំពុងជំរុញ សង្គមមនុស្សជាតិឱ្យឆ្ពោះទៅមុខដោយកម្លាំង ដែលមិនអាចបញ្ច្រាសបាន និងមិនអាចទប់ទល់បាន។ មេដឹកនាំកំពូលរបស់ចិនលោក Xi Jinping ធ្លាប់បាននិយាយថា “វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា គឺជាអាវុធរបស់ប្រទេស ប្រទេសពឹងផ្អែកលើវាដើម្បីឱ្យខ្លាំងក្លា សហគ្រាសពឹងផ្អែកលើវាដើម្បីឈ្នះ ហើយជីវិតរបស់ប្រជាជនពឹង ផ្អែកលើវា ឱ្យកាន់តែប្រសើរឡើង”។ បក្សកុម្មុយនីស្តចិនចាត់ទុកការច្នៃប្រឌិតថ្មី ផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជាស្នូល នៃការអភិវឌ្ឍជាតិទាំងមូល ហើយជឿជាក់ថា គន្លឹះនៃការធ្វើទំនើបកម្មតាមបែបផែនចិន គឺក្នុងទំនើបកម្មផ្នែកបច្ចេកវិទ្យា។

ទោះបីជាយ៉ាងណាក៏ដោយ នៅក្នុងដំណើរការក្លាយជាប្រទេសទំនើប ប្រទេសចិនបានរងការវាយប្រហារពី សហរដ្ឋអាមេរិក និងលោកខាងលិច។ ក្រុមហ៊ុន Huawei បានជួបប្រទះការលំបាកក្នុងការឈប់ផ្គត់ផ្គង់បន្ទះឈីប ហើយក្រុមបច្ចេកវិទ្យាអវកាសចិន ត្រូវបានច្របាច់ចេញពីការសិក្សាស្រាវជ្រាវស្នូល និងការអភិវឌ្ឍន៍ប្រព័ន្ធណែនាំផ្លូវ Galileo ដោយសហភាពអឺរ៉ុប ដែលបណ្តាលឱ្យមានការខាតបង់ថវិការាប់ពាន់លាន និងកាត់ផ្ដាច់ការសិក្សាស្រាវជ្រាវ...

មេរៀនដ៏ឈឺចាប់បានធ្វើឱ្យប្រទេសចិនដឹងថា ដើម្បីសម្រេចបាននូវការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ និងបំពេញតាមសេចក្តីប្រាថ្នា របស់ប្រជាជនចំពោះជីវិតកាន់តែល្អប្រសើរត្រូវតែពឹងផ្អែកលើការច្នៃប្រឌិតថ្មីដោយឯករាជ្យ ដើម្បីជម្នះលើឧបសគ្គខាងបច្ចេកវិទ្យា។ដូច្នេះ ក្នុងនាមជាមេដឹកនាំកំពូលរបស់ប្រទេសចិន លោកXi Jinpingបានលើកឡើងយុទ្ធសាស្រ្តខ្លួនទីពឹងខ្លួនខាងបច្ចេកវិទ្យាតាមទស្សនៈ នៃការរស់រានមានជីវិតរបស់ជាតិ ហើយបានចាត់ទុកវាថាជា “ការគាំទ្រជាមូលដ្ឋានសម្រាប់ជំរុញការអភិវឌ្ឍប្រទេស។

ក្រោមការដឹកនាំនៃយុទ្ធសាស្រ្តខ្លួនទីពឹងខ្លួនខាងបច្ចេកវិទ្យា ប្រទេសចិនបានបង្កើតប្រព័ន្ធខ្សែសង្វាក់ពេញលេញនៃ “ការសិក្សាស្រាវជ្រាវជាមូលដ្ឋាន-របកគំហើញបច្ចេកវិទ្យា-ការធ្វើបរិវត្តកម្ម” ដែលបានរុញចំណាត់ថ្នាក់របស់ប្រទេសចិន នៅក្នុងសន្ទស្សន៍នវានុវត្តន៍សកលពីលេខ ៣៤នៅឆ្នាំ ២០១២ ដល់ទី ១១នៅឆ្នាំ ២០២៤។

វិទ្យាសាស្ត្រគ្មានព្រំដែន ហើយការច្នៃប្រឌិតថ្មីគ្មានដែនកំណត់។ នៅពេលដែលមនុស្សជាតិឈានចូលយុគសម័យឆ្លាតវៃ យើងមានហេតុផលជឿថា នៅក្នុងយុគសម័យថ្មី ប្រទេសចិននឹងបន្តជំរុញការច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យា និងកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យាអន្តរជាតិ ដោយអាកប្បកិរិយាបើកចំហ ដែលធ្វើឱ្យក្បាលម៉ាស៊ីនដ៏ខ្លាំងក្លាមួយនេះ គឺខ្លួនទីពឹងខ្លួនខាងបច្ចេកវិទ្យា បន្តជំរុញការកសាងតាមរយៈការធ្វើទំនើបកម្មតាមបែបផែនចិន ហើយក៏មុខជានឹងបន្តជំរុញការអភិវឌ្ឍ និងវឌ្ឍនភាពរបស់មនុស្សជាតិផងដែរ៕

វិទ្យុមិត្តភាពកម្ពុជាចិន