(ណានជីង)៖ ព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ ថ្លែងទៅកាន់លោក Xu Kunling អភិបាលខេត្តជាំងស៊ូ លោក Yang Wanming ប្រធានសមាគមប្រជាជនចិនដើម្បីមិត្តភាពជាមួយបរទេស និងអង្គពិធីទាំងមូលដែលជាសមាគមមិត្តភាព របស់បណ្តាប្រទេសនីមួយៗជាមួយប្រទេសចិន សរុបចំនួន២៣ប្រទេសដែលបានអញ្ជើញចូលរួមនៅក្នុង ពិធីបើកវេទិកាអបអរសាទរខួប៧០ឆ្នាំថ្ងៃ បង្កើតសមាគមប្រជាជនខេត្តជាំងស៊ូ ដើម្បីមិត្តភាពជាមួយបរទេស ដោយទទួលបានការអនុញ្ញាតពីឯកឧត្តម ឯក សំអុល ប្រធានសមាគមមិត្តភាពកម្ពុជា-ចិន លោកបណ្ឌិត ជា មុនីឫទ្ធិ សមាជិកគណៈប្រតិបត្តិសមាគម បានថ្លែងថា បើទោះបីជាពិភពលោកបាននិងកំពុងស្ថិតក្នុង បម្រែបម្រួលដ៏ខ្លាំង ដែលមិនធ្លាប់មានក្នុងរយៈពេលមួយរយឆ្នាំមកនេះ ជាពិសេសគឺប្រឈមនឹងស្ថានភាពដ៏ស្មុគស្មាញ នៃសេដ្ឋកិច្ចសកលនិងបញ្ហាជាសកល យ៉ាងណាក៏ដោយ ក៏ទំនាក់ទំនងនិងការពឹងផ្អែកគ្នាទៅវិញទៅមករវាងប្រទេសកម្ពុជា និងប្រទេសចិនកាន់តែមានភាពស៊ីជម្រៅនិងរឹងមាំពីមួយជំនាន់ទៅមួយជំនាន់ ជាពិសេស ក្រោមការដឹកនាំប្រកបដោយភាពវាងវៃ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រទេសយើងទាំងពីរបានបង្កើនទំនាក់ទំនង កិច្ចសហប្រតិបត្តិការយ៉ាងរឹងមាំលើការកសាង សហគមន៍ជោគវាសនារួម កម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី។

ដោយរំលឹកឡើងវិញពីប្រវត្តិទំនាក់ទំនងកម្ពុជា-ចិន លោកបណ្ឌិតបានមានប្រសាសន៍ថា បើរាប់ពីដំណើរទស្សនកិច្ចជាផ្លូវការ របស់លោក កាំង ថៃ និងលោក ជូ យីង នៅសតវត្សរ៍ទី៣ នោះយើងនឹងឃើញកាន់តែច្បាស់ពីប្រពៃណី ក្នុងដំណើរដ៏យូរអង្វែង នៃទំនាក់ទំនងការទូតរវាងកម្ពុជា-ចិន ហើយមកដល់សម័យឌីជីថលនេះ ស្មារតីរួមដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ តែងប្រើពាក្យថា «អ្នកជិតខាងល្អ មិត្តល្អ ដៃគូល្អ និង បងប្អូនល្អ» មកបញ្ជាក់ពីភាពរឹងមាំខ្លាំងក្លាមិនអាចបំបែកបាន នៃចំណងមិត្តភាពអមតៈរវាងកម្ពុជា-ចិន។

ពីដំណើរបេសកកម្មការទូតរបស់លោក ជីវ តាក្វាន់ នាសម័យអង្គរ រហូតមកដល់ពេលបច្ចុប្បន្ននេះ កម្ពុជានិងចិន បានយល់ស្របគ្នាថា សន្តិភាពគឺជាទម្រយ៉ាងរឹងមាំដែលប្រទេសយើងទាំងពីរ បានប្រកៀកស្មាគ្នាយ៉ាងជិតស្និទ្ធក្នុងការថែរក្សា ដែលជាគន្លឺះដល់ការអភិវឌ្ឍ។ ក្នុងចរន្តនៃការអភិវឌ្ឍ កម្ពុជាគឺជាប្រទេសទី១ដែលបានចូលរួមនៅក្នុង «គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ» ដែលជាគំរូភាពនៃទំនាក់ទំនងដ៏ល្អរវាងប្រទេសយើងទាំងពីរ ក្នុងការផ្តល់ផលប្រយោជន៍ ទៅវិញទៅមក។

ប្រសិនជាយើងក្រឡេកទៅមើលប្រវត្តិសាស្រ្តកាលពី៧០ឆ្នាំមុនក្នុងសន្និសីទបានឌុង នោះយើងនឹងមិនមានភាពស្ទាក់ស្ទើរលើ ការគូសបញ្ជាក់យ៉ាងប្រត្យក្សពីទំនាក់ទំនងរវាងកម្ពុជានិងចិន ដោយកម្ពុជាបានគាំទ្រយ៉ាងពេញទំហឹងដល់សំណើរបស់ចិន ដែលបានបន្លឺឡើងជុំវិញពិភពលោកពី «ស្មារតីបានឌុង» ក្នុងការស្វែងរកមូលដ្ឋានរួមខណៈពេល ដែលរក្សាភាពខុសគ្នា និងបានប្រើប្រាស់គំនិតនៃ«ការអភិវឌ្ឍរួម» ដើម្បីបង្រួបបង្រួមភាពរឹងមាំនៃប្រទេសកំពុងអភិវឌ្ឍន៍។ មកដល់នឹងពេលបច្ចុប្បន្ននេះ ប្រទេសយើងទាំងពីរនៅបន្តស្មារតីបានឌុង ដោយលើកទឹកចិត្តដល់ការអនុវត្តគោលការណ៍ «ពហុភាគីនិយមពិតប្រាកដ» ដើម្បីបន្តរួមចំណែកដល់ការអភិវឌ្ឍពិភពលោក និងបន្តជាអ្នករួមចំណែកការពារសណ្តាប់ធ្នាប់អន្តរជាតិ។ ប្រទេសយើងទាំងពីរ បានឯកភាពទទួលយកទស្សនវិជ្ជាផ្អែកលើ «ភាពសុខដុមរមនា និងការរួមរស់ដោយសន្តិភាព» ក្នុងរង្វង់នៃអភិបាលកិច្ចសកល។

ដោយគូសរំលេចពីការអភិវឌ្ឍនៅកម្ពុជា រួមជាមួយដំណើរទស្សនកិច្ចរបស់លោកអភិបាលខេត្តជាំងស៊ូ ទៅកាន់ប្រទេសកម្ពុជា កាលពីខែឧសភា ឆ្នាំ២០២៥កន្លងមក លោកបណ្ឌិតក៏បានរំលេចពីទំនាក់ទំនងល្អ រវាងកម្ពុជាជាមួយខេត្តជាំងស៊ូ ដូចជាតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ កិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងកំពង់ផែ Jiangyin ក្រុងWuxi ប្រទេសចិន និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងការប្រកាសជាផ្លូវការឆ្នាំទេសចរណ៍ កម្ពុជា-ចិន ឆ្នាំ២០២៥ ហើយតាមរយៈវេទិកានេះ លោកបណ្ឌិតបានលើកទឹកចិត្តដល់ប្រជាជនចិន និងបរទេសទាំងអស់អញ្ជើញមកទស្សនា និងមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា ដើម្បីបន្តបង្កើនកិច្ចរួមចំណែកអភិវឌ្ឍកម្ពុជាក្រោមម្លប់សុខសន្តិភាព ហើយសមាគមមិត្តភាពកម្ពុជា-ចិនដែលមានអាយុ២៥ឆ្នាំ មកនេះបានត្រៀមខ្លួនរួចជាស្រេចក្នុងកិច្ចសម្របសម្រួល និងជាស្ពានទំនាក់ទំនងដ៏ល្អរវាងប្រជាជនកម្ពុជា និងប្រជាជនចិន និយាយដោយឡែក រវាងប្រជាជនកម្ពុជានិងប្រជាជាតិបរទេសនានាទាំងអស់ និយាយរួម៕

វិទ្យុមិត្តភាពកម្ពុជាចិន