(តេហេរ៉ង់)៖ ក្នុងលិខិតរបស់បេសកកម្មអចិន្រ្តៃយ៍អ៉ីរ៉ង់ប្រចាំនៅអង្គការសហប្រជាជាតិ (UN) ទីក្រុងតេហេរ៉ង់ បានថ្កោលទោស ការវាយប្រហាររបស់អ៉ីស្រាអែល ហើយបានទទូចឱ្យក្រុមប្រឹក្សាសន្តិសុខ UN កោះប្រជុំជាប្រញាប់ ជុំវិញការបំពានយ៉ាងបើកចំហមកលើអធិបតេយ្យរបស់ប្រទេសអ៉ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Tehran Times នាថ្ងៃសុក្រ ទី១៣ ខែមិថុនា ឆ្នាំ២០២៥។
លិខិតខាងលើបានលើកឡើងថា «ប្រទេសអ៉ីរ៉ង់នឹងឆ្លើយតបចំពោះសកម្មភាពដ៏កំសាកនិងខុសច្បាប់នេះ ក្នុងរបៀបមួយដែលមានលក្ខណៈម៉ឺងម៉ាត់ និងសមស្របទៅវិញ។ ការការពារបូរណភាពទឹកដី សន្តិសុខជាតិ និងពលរដ្ឋអ៉ីរ៉ង់ គឺជាសិទ្ធិមូលដ្ឋាន ដែលពុំអាចចរចាបានដាច់ខាត។ អ៉ីស្រាអែលនឹងត្រូវបង់តម្លៃដ៏ធំធេងមួយ សម្រាប់ការឈ្លានពាននេះ និងការគណនាខុសផ្នែកយុទ្ធសាស្រ្តរបស់ខ្លួន»។
ក្នុងការវាយប្រហារទ្រង់ទ្រាយធំតាមផ្លូវអាកាសរបស់អ៉ីស្រាអែល នាថ្ងៃសុក្រនេះ ដោយប្រើយន្តហោះចម្បាំងប្រមាណ ២០០គ្រឿង លើគោលដៅជាង១០០កន្លែង នៅទូទាំងប្រទេសអ៉ីរ៉ង់ នាយសេនាធិការកងកម្លាំងប្រដាប់អាវុធអ៉ីរ៉ង់ លោក Mohammad Bagheri, មេបញ្ជាការកងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ លោក Hossein Salami, មេបញ្ជាការនៃបញ្ជាការដ្ឋានកណ្តាល Khatam al-Anbiya លោក Gholam Ali Rashid, អតីតប្រធានទីភ្នាក់ងារថាមពលអាតូមិកអ៉ីរ៉ង់ លោក Fereydoun Abbasi និងអ្នកវិទ្យាសាស្រ្តនុយក្លេអ៊ែរឆ្នើម លោក Mohammad Mehdi Tehranchi សុទ្ធតែត្រូវបញ្ជាក់ថា បានបាត់បង់ជីវិត៕Fereydoun Abbasi និងអ្នកវិទ្យាសាស្រ្តនុយក្លេអ៊ែរឆ្នើម លោក Mohammad Mehdi Tehranchi សុទ្ធតែបានបាត់បង់ជីវិត ក្នុងប្រតិបត្តិការរបស់អ៉ីស្រាអែល៕