(ឌូបៃ)៖ មន្ត្រីសន្តិសុខអ៉ីរ៉ង់ម្នាក់បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថាមេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ayatollah Ali Khamenei មានសុវត្ថិភាព និងកំពុងទទួលបានជូនដំណឹងពីស្ថានការណ៍ បន្ទាប់ពីការវាយប្រហារទ្រង់ទ្រាយធំរបស់អ៉ីស្រាអែលលើទីតាំងយោធា និងនុយក្លេអ៊ែររបស់អ៉ីរ៉ង់ នៅថ្ងៃសុក្រ ទី១៣ ខែមិថុនា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

អ៉ីស្រាអែល បានបើកប្រតិបត្តិការយោធាឈ្មោះ Rising Lion ប្រឆាំងអ៉ីរ៉ង់ ដោយហៅការវាយប្រហាររបស់ខ្លួនជាការបង្ការ និងការពារខ្លួនឯង។ លោកនាយករដ្ឋមន្ត្រីអ៉ីស្រាអែល Benjamin Netanyahu វិញ បានទទួលស្គាល់ថាអ៉ីស្រាអែលបានបើកការវាយប្រហារតាមផ្លូវអាកាសលើទីតាំងនុយក្លេអ៊ែររបស់អ៉ីរ៉ង់ ហើយថាប្រតិបត្តិការយោធាប្រឆាំងអ៉ីរ៉ង់នឹងបន្តធ្វើឡើងជាច្រើនថ្ងៃ ឬរហូតទាល់តែអ៉ីស្រាអែលមានអារម្មណ៍ថាការគំរាមកំហែងត្រូវបានលុបបំបាត់។ លោកបន្ថែមថា អ៉ីស្រាអែលនៅថ្ងៃសុក្រនេះ បានវាយប្រហារលើកម្មវិធីទីតាំងនុយក្លេអ៊ែររបស់អ៉ីរ៉ង់ នោះគឺរោងចក្រចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមដ៏សំខាន់របស់អ៉ីរ៉ង់នៅក្នុងទីក្រុង Natanz ក៏ដូចជាកំណត់គោលដៅវាយប្រហារលើអ្នកវិទ្យាសាស្ត្រអ៉ីរ៉ងដែលកំពុងផលិតគ្រាប់បែកនុយក្លេអ៊ែរ ព្រមទាំងកម្មវិធីមីស៊ីលបាលិស្ទីគរបស់អ៉ីរ៉ង់។

បើតាមប្រព័ន្ធផ្សព្វផ្សាយអ៉ីរ៉ង់ លោកឧត្តមសេនីយ៍ Hossein Salami ដែលជាអគ្គមេបញ្ជាការកងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ រួមទាំងអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរអ៉ីរ៉ង់មួយចំនួន ត្រូវបានសម្លាប់នៅក្នុង ការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែល។ កងកម្លាំងប្រដាប់អាវុធអ៉ីរ៉ង់បានគំរាមថានឹងសងសឹកអ៉ីស្រាអែលវិញឱ្យចាស់ដៃ ខណៈដែនអាកាសអ៉ីរ៉ង់ត្រូវបានបិទរហូតទាល់តែ មានការជូនដំណឹងជាថ្មី៕