(ហ្ស៊េរុយសាឡិម)៖ មន្ត្រីអ៉ីស្រាអែលម្នាក់បាននិយាយថាការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែលប្រឆាំងអ៉ីរ៉ង់ នៅថ្ងៃសុក្រ ទី១៣ ខែមិថុនា ទំនងជាបានសម្លាប់លោក Mohammad Bagheri ដែលជានាយសេនាធិការកងកម្លាំងប្រដាប់អាវុធអ៉ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
មន្ត្រីអ៉ីស្រាអែលខាងលើ បានបញ្ជាក់ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា «វាទំនងជានាយសេនាធិការកងកម្លាំងប្រដាប់អាវុធអ៉ីរ៉ង់ និងអ្នកវិទ្យាសាស្ត្រជាន់ខ្ពស់មួយចំនួនត្រូវបានសម្លាប់នៅក្នុង ការវាយប្រហារតាមផ្លូវអាកាស»។ ប៉ុន្តែ ខាងអ៉ីរ៉ង់មិនទាន់ធ្វើអត្ថាធិប្បាយអ្វីឡើយទេ ខណៈប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថាមានជនស៊ីវិលមួយចំនួននាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហារ របស់អ៉ីស្រាអែលលើអគារក្នុងទីក្រុងតេហេរ៉ង់។
អ៉ីស្រាអែល បានបើកប្រតិបត្តិការយោធាឈ្មោះ Rising Lion ប្រឆាំងអ៉ីរ៉ង់ ដោយហៅការវាយប្រហាររបស់ខ្លួនជាការបង្ការ និងការពារខ្លួនឯង។ លោកនាយករដ្ឋមន្ត្រីអ៉ីស្រាអែល Benjamin Netanyahu វិញ បានទទួលស្គាល់ថាអ៉ីស្រាអែលបានបើកការវាយប្រហារតាមផ្លូវអាកាសលើទីតាំងនុយក្លេអ៊ែររបស់អ៉ីរ៉ង់ ហើយថាប្រតិបត្តិការយោធាប្រឆាំងអ៉ីរ៉ង់នឹងបន្តធ្វើឡើងជាច្រើនថ្ងៃ ឬរហូតទាល់តែអ៉ីស្រាអែលមានអារម្មណ៍ថាការគំរាមកំហែងត្រូវបានលុបបំបាត់៕