(ហ្ស៊េរុយសាឡិម)៖ នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu បានទទួលស្គាល់ថាអ៉ីស្រាអែលបានបើកការវាយប្រហារតាមផ្លូវអាកាសលើទីតាំងនុយក្លេអ៊ែររបស់អ៉ីរ៉ង់ ហើយថា ប្រតិបត្តិការយោធាប្រឆាំងអ៉ីរ៉ង់នឹងបន្តធ្វើឡើងជាច្រើនថ្ងៃ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

នៅក្នុងសុន្ទរកថាមួយតាមកញ្ចក់ទូរទស្សន៍ លោក Netanyahu បានគូសបញ្ជាក់ដូច្នេះថា «កាលពីប៉ុន្មាននាទីមុន អ៉ីស្រាអែលបានបើកប្រតិបត្តិការ Rising Lion ជាប្រតិបត្តិការយោធាមួយដែល មានគោលដៅលុបបំបាត់ការគំរាមកំហែងដល់អាយុជីវិតរបស់អ៉ីស្រាអែល។ ប្រតិបត្តិការនេះអាចបន្តធ្វើឡើងជាច្រើនថ្ងៃ ឬរហូតទាល់តែអាចលុបបំបាត់ការគំរាមកំហែងនេះ»។ លោកបន្ថែមថា អ៉ីស្រាអែលនៅថ្ងៃសុក្រ ទី១៣ ខែមិថុនានេះ បានវាយប្រហារលើកម្មវិធីទីតាំងនុយក្លេអ៊ែររបស់អ៉ីរ៉ង់ នោះគឺរោងចក្រចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមដ៏សំខាន់របស់អ៉ីរ៉ង់នៅក្នុងទីក្រុង Natanz ក៏ដូចជាកំណត់គោលដៅវាយប្រហារលើអ្នកវិទ្យាសាស្ត្រអ៉ីរ៉ងដែលកំពុងផលិតគ្រាប់បែកនុយក្លេអ៊ែរ ព្រមទាំងកម្មវិធីមីស៊ីលបាលិស្ទីគរបស់អ៉ីរ៉ង់។

គួរបញ្ជាក់ថា អ៉ីស្រាអែល នៅថ្ងៃសុក្រនេះ បានបើកការវាយប្រហារតាមផ្លូវអាកាសលើអ៉ីរ៉ង់ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានថាអ៉ីស្រាអែលអាចវាយប្រហារ លើទីតាំងនុយក្លេអ៊ែរអ៉ីរ៉ង់ក្នុងពេលឆាប់ៗ។ ក្រោយការវាយប្រហារនេះ អ៉ីស្រាអែលបានដាក់ប្រទេសក្នុងគ្រាអាសន្ន ត្រៀមទប់ទល់នឹងការសងសឹកពីអ៉ីរ៉ង់។ អ៉ីរ៉ង់មិនទាន់ធ្វើការអត្ថាធិប្បាយ ឆ្លើយតបទៅនឹងការវាយប្រហាររបស់អ៉ីស្រាអែលនៅឡើយទេ៕