(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បាននិយាយថាសហរដ្ឋអាមេរិកមិនបានចូលរួមនៅក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែលប្រឆាំងអ៉ីរ៉ង់នោះទេ ខណៈព្រមានតេហេរ៉ង់កុំឱ្យវាយប្រហារលើផលប្រយោជន៍ ឬមូលដ្ឋានទ័ពរបស់អាមេរិកក្នុងតំបន់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយ លោកប្រមុខការទូតអាមេរិក បានគូសបញ្ជាក់ដូច្នេះថា «នៅយប់នេះ អ៉ីស្រាអែលបានបើកការវាយប្រហារដោយឯកតោភាគីប្រឆាំងអ៉ីរ៉ង់។ យើងមិនបានចូលរួម ក្នុងការវាយប្រហារប្រឆាំងអ៉ីរ៉ង់ឡើយ ហើយអាទិភាពកំពូលរបស់យើង នោះគឺការពារកងកម្លាំងអាមេរិកនៅក្នុងតំបន់»

អ៉ីស្រាអែលបានបើកការវាយប្រហារតាមផ្លូវអាកាសលើអ៉ីរ៉ង់ នៅថ្ងៃសុក្រ ទី១៣ ខែមិថុនា តែប៉ុន្មានម៉ោងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានថាអ៉ីស្រាអែល អាចនឹងវាយប្រហារលើទីតាំងនុយក្លេអ៊ែរអ៉ីរ៉ង់ក្នុងពេលឆាប់ៗ។ មន្ត្រីអ៉ីស្រាអែលម្នាក់បានឱ្យដឹងថាអ៉ីស្រាអែលបានបើកការវាយប្រហារលើទីតាំងនុយក្លេអ៊ែរ និងយោធារបស់អ៉ីរ៉ង់រាប់សិបកន្លែង ខណៈប្រព័ន្ធផ្សព្វផ្សាយអ៉ីរ៉ង់បានរាយការណ៍ពីការផ្ទុះជាបន្តបន្ទាប់ក្នុងរដ្ឋធានីតេហេរ៉ង់ និងប្រព័ន្ធការពារដែនអាកាសត្រូវបានដាក់ឱ្យ ធ្វើប្រតិបត្តិការពេញលេញ១០០ភាគរយ។

មិនទាន់មានសេចក្ដីរាយការណ៍ពីការខូចខាត ឬជនរងគ្រោះណាម្នាក់នោះទេ តាមរដ្ឋមន្ត្រីការពារជាតិអ៉ីស្រាអែល លោក Israel Katz បន្ទាប់ពីអ៉ីស្រាអែលបានដាក់ប្រទេសក្នុងគ្រាមានអាសន្ន ដោយរំពឹងថាអ៉ីរ៉ង់អាចនឹងសងសឹកវិញដោយការបាញ់មីស៊ីល និងដ្រូន ក្នុងពេលភ្លាមៗ៕​