(ញូវដែលី)៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១២ ខែមិថុនានេះ យន្តហោះមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ Air India បានធ្លាក់នៅក្បែរអាកាសយានដ្ឋាន ក្នុងទីក្រុង Ahmedabad ភាគខាងលិចប្រទេសឥណ្ឌា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters។

ខាងអាកាសចរណ៍ Air India និងប៉ូលិសឥណ្ឌា បានឱ្យដឹងថា យន្តហោះដែលជួបគ្រោះថ្នាក់ មានផ្ទុកមនុស្សសរុប​រហូតដល់២៤២នាក់។ យន្តហោះនោះ មានគោលដៅឆ្ពោះទៅកាន់អាកាសយានដ្ឋាន Gatwick នៃទីក្រុងឡុងដ៍របស់ចក្រភពអង់គ្លេស ហើយបានធ្លាក់នៅចំតំបន់ស៉ីវិល ក្បែរអាកាសយានដ្ឋាន Ahmedabad។

ខាងក្រោមនេះជាព័ត៌មានបឋមពីគ្រោះថ្នាក់ធ្លាក់យន្ដហោះនេះ៖

* តើយន្ដហោះធ្លាក់នៅកន្លែងណា?

យន្ដហោះដឹកអ្នកដំណើរប្រភេទ Boeing 787-8 Dreamliner មានជើងហោះហើរ AI171 បានហោះចេញពីអាកាសយានដ្ឋាន ក្នុងទីក្រុង Ahmedabad នៅម៉ោងប្រហែល១នាទីរសៀលថ្ងៃព្រហស្បតិ៍។ យន្ដហោះនេះ បានធ្លាក់នៅពេលហោះឡើងចេញពីអាកាសយានដ្ឋាន។ វីដេអូចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយឥណ្ឌា បានបង្ហាញថាយន្ដហោះបានហោះពីលើផ្ទះប្រជាជន និងបន្តិចក្រោយមក ស្រាប់តែបាត់ចេញពីស្រ្គីន ហើយគេក៏ឃើញភ្លើងឆេះ និងមានផ្សែងហ៊ុយពេញមេឃ។ លោក Faiz Ahmed Kidwai ជាអគ្គនាយកនៃនាយកដ្ឋានអាកាសចរណ៍ស៊ីវិលឥណ្ឌា បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Associated Press ថាយន្ដហោះនេះបានធ្លាក់លើតំបន់ ទីប្រជុំមួយកន្លែងក្នុងតំបន់ Meghani Nagar ​៥នាទីក្រោយហោះឡើង។ លោក Kidwai បន្ថែមថាយន្ដហោះមានជើងហោះហើរលេខ AI171 មានផ្ទុកអ្នកដំណើរយ៉ាងហោច ២៤២នាក់ និងក្រុមការងារលើយន្ដហោះ ១២នាក់។ ភ្លាមៗនេះ ភ្នាក់ងារពន្លត់អគ្គិភ័យ រថយន្តពេទ្យ និងក្រុមជួយសង្រ្គោះ កំពុងត្រូវបានដាក់ពង្រាយទៅកាន់កន្លែងធ្លាក់យន្តហោះ។

បើតាមគេហទំព័រ Flightrader យន្ដហោះដឹកអ្នកដំណើរខាងលើបានហោះនៅរយៈកម្ពស់ជិត ២០០ម៉ែត្រ។ ដោយឡែក បើប្រព័ន្ធគ្រប់គ្រងអាកាសចរណ៍នៅឯអាកាសយានដ្ឋាន Ahmedabad យន្ដហោះបានចាកចេញពី ព្រលានយន្ដហោះនៅម៉ោង ១៖៣៩នាទីរសៀល (ម៉ោងនៅឥណ្ឌា) ដោយហោះចេញពីផ្លូវរត់លេខ២៣។ យន្ដហោះនេះដំបូងឡើយបានស្នើសុំជំនួយបន្ទាន់ តែមិនមានការឆ្លើយតបមកវិញចេញពីយន្ដហោះនេះនោះទេ។

* តើគេដឹងអ្វីខ្លះពីមនុស្សនៅលើយន្ដហោះ?

ប្រភពមួយបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន ​Reuters ថាក្នុងចំណោមអ្នកដំណើរទាំង ២៤២នាក់ មានមនុស្សពេញវ័យ ២១៧នាក់ និងក្មេង ១១នាក់ ហើយក្នុងចំណោមអ្នកទាំងនេះទៀតសោត មាន១៦៩នាក់ ជាជនជាតិឥណ្ឌា ជនជាតិអង់គ្លេស ៥៣នាក់ ព័រទុយហ្កាល់ ៧នាក់ និងកាណាដាម្នាក់។ សម្រាប់តួលេខ​ផ្លូវការ នៃអ្នករងគ្រោះថ្នាក់ស្លាប់ និងរបួសនៅមិនទាន់ដឹងច្បាស់នៅឡើយទេ ប៉ុន្តែគេឃើញមានមនុស្ស ត្រូវបានសែងទៅដាក់ក្នុងរថយន្តសង្រ្គោះ។ ភ្លាមៗ មូលហេតុដែលបណ្ដាលឱ្យយន្ដហោះនេះធ្លាក់មិនទាន់មានការបញ្ជាក់នៅឡើយទេ៕