(វ៉ាស៉ីនតោន)៖ ក្នុងឱកាសខួបនៃការប្រកាសឯករាជ្យរបស់ប្រទេសរុស្ស៉ី រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Marco Rubio បាននិយាយថា សហរដ្ឋអាមេរិក គាំទ្រចំពោះសេចក្តីប្រាថ្នាអំពីអនាគតដ៏ត្រចះត្រចង់របស់រុស្ស៉ី ជាមួយនិងការបញ្ជាក់ឡើងវិញពីបំណងចូលរួមក្នុងន័យស្ថាបនា នៅក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីនាំសន្តិភាពឱ្យអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែមិថុនា ឆ្នាំ ២០២៥។

រុស្ស៉ី បានប្រកាសឯករាជ្យពេញលេញ នៅក្នុងឆ្នាំ ១៩៩០ ប៉ុន្មានឆ្នាំមុនពេលសហភាពសូវៀតដួលរលំ។ លោក Rubio គូសបញ្ជាក់ថា «សហរដ្ឋអាមេរិក នៅតែប្តេជ្ញាចិត្តជួយដល់ប្រជាជនរុស្ស៉ី បន្តកសាងអនាគតដ៏ភ្លឺស្វាង។ យើងក៏ឆ្លៀតយកឱកាសនេះ បញ្ជាក់ឡើងវិញនូវបំណងចូលរួមក្នុងន័យស្ថាបនា ជាមួយសហព័ន្ធរុស្ស៉ី ដើម្បីនាំមកនូវសន្តិភាពយូរអង្វែងរវាងរុស្ស៉ី-អ៊ុយក្រែន។ វាជាក្តីសង្ឃឹមរបស់យើង ដែលថាសន្តិភាពនឹងជំរុញទំនាក់ទំនង ដែលមានផលប្រយោជន៍ទៅវិញទៅមក»

គួរបញ្ជាក់ថា ទំនាក់ទំនងរវាងទីក្រុងមូស្គូ និងវ៉ាស៉ីនតោន ហាក់មានភាពប្រសើរឡើង ចាប់តាំងពីលោក ដូណាល់ ត្រាំ ចូលកាន់តំណែងជាប្រធានាធិបតីអាមេរិក។ មេដឹកនាំនៃប្រទេសទាំងពីរ ក៏បានពិភាក្សាគ្នាអំពីដំណោះស្រាយ ក្នុងសង្រ្គាមនៅអ៊ុយក្រែនផងដែរ៕