(ញូវដែលី)៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១២ ខែមិថុនានេះ យន្តហោះមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ Air India បានធ្លាក់នៅក្បែរអាកាសយានដ្ឋាន ក្នុងទីក្រុង Ahmedabad ភាគខាងលិចប្រទេសឥណ្ឌា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

គួរបញ្ជាក់ថា ខាងអាកាសចរណ៍ Air India និងប៉ូលិសឥណ្ឌា បានឱ្យដឹងថា យន្តហោះដែលជួបគ្រោះថ្នាក់ មានផ្ទុកមនុស្សសរុប​រហូតដល់២៤២នាក់។ យន្តហោះនោះ មានគោលដៅឆ្ពោះទៅកាន់អាកាសយានដ្ឋាន Gatwick នៃទីក្រុងឡុងដ៍របស់ចក្រភពអង់គ្លេស ហើយបានធ្លាក់នៅចំតំបន់ស៉ីវិល ក្បែរអាកាសយានដ្ឋាន Ahmedabad។

យន្តហោះ Air India ខាងលើ ប្រភេទជា Boeing 787-8 Dreamliner បានធ្លាក់បន្ទាប់ពីហោះឡើងបានតែបន្តិចប៉ុណ្ណោះ ចេញពីអាកាសយានដ្ឋានអន្តរជាតិ Sardar Vallabhbhai Patel ក្នុងទីក្រុង Ahmedabad ពោលគឺមិនដល់១នាទីឡើយ។ នៅពេលឡើងដល់ត្រឹមកម្ពស់ជាង២០០ម៉ែត្រ យន្តហោះក៏បានស្រាប់តែបានបាត់បង់រយៈកម្ពស់វិញ ហើយធ្លាក់នៅជិតតំបន់មានមនុស្សរស់នៅ Meghani/Meghaninagar ក្បែរអាកាសយានដ្ឋាន Sardar Vallabhbhai Patel។

នៅលើយន្តហោះ មានអ្នកដំណើរខ្ទង់២៤២នាក់ រួមជាមួយបុគ្គលិកយន្តហោះ១២នាក់។ យោងតាមឃ្លីបវីដេអូថតជាប់ហេតុការណ៍នោះ អណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅ និងដុំផ្សែងខ្មៅហុយឡើងទៅលើ ត្រូវបានប្រទះឃើញពីចម្ងាយរាប់គីឡូម៉ែត្រ។ ភ្លាមៗនេះ ភ្នាក់ងារពន្លត់អគ្គិភ័យ រថយន្តពេទ្យ និងក្រុមជួយសង្រ្គោះ កំពុងត្រូវបានដាក់ពង្រាយទៅកាន់ កន្លែងធ្លាក់យន្តហោះ។ សម្រាប់តួលេខ​ផ្លូវការ នៃអ្នករងគ្រោះថ្នាក់ស្លាប់ និងរបួសនៅមិនទាន់ដឹងច្បាស់នៅឡើយទេ ប៉ុន្តែគេឃើញមានមនុស្ស ត្រូវបានសែងទៅដាក់ក្នុងរថយន្តសង្រ្គោះ៕