(ហ្សាការតា)៖ នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែមិថុនា មន្រ្តីឥណ្ឌូណេស៉ី បានឱ្យដឹងថា ប្រធានាធិបតីឥណ្ឌូណេស៉ី លោក Prabowo Subianto នឹងជួបប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន នៅក្នុងខែនេះ អំឡុងទស្សនកិច្ចលើកដំបូងទៅកាន់ប្រទេសរុស្ស៉ី ចាប់តាំងពីរូបលោកឡើងកាន់អំណាច។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌូណេស៉ី បាននិយាយថា លោក Prabowo នឹងទៅបំពេញទស្សនកិច្ចនៅរុស្ស៉ី ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែមិថុនា ដើម្បីបើកកិច្ចពិភាក្សាជាមួយលោក ពូទីន ហើយចូលរួមវេទិកាសេដ្ឋកិច្ចក្នុងទីក្រុង Saint Petersburg ជាទីដែលលោកនឹងថ្លែងសុន្ទរកថា។ ទស្សនកិច្ចនេះ គឺតបតាមការអញ្ជើញរបស់លោក ពូទីន ដើម្បីបើកកិច្ចប្រជុំទ្វេភាគី។
គួរបញ្ជាក់ថា កាលពីឆ្នាំមុន លោក Prabowo បានជួបលោក ពូទីន នៅមូស្គូ មុនពេលស្បថចូលកាន់តំណែងជាមេដឹកនាំឥណ្ឌូណេស៉ី កាលពីខែតុលា ហើយលោកបានហៅ លោកប្រធានាធិបតីរុស្ស៉ីថាជា «មិត្តដ៏ល្អម្នាក់»។ ប្រទេសទាំងពីរ បានធ្វើសមយុទ្ធយោធាជើងទឹករួមគ្នាជាលើកដំបូង នៅកោះជ្វា កាលពីខែវិច្ឆិកា ហើយក្រោយមក លោក Prabowo បានទទួលស្វាគមន៍ មន្រ្តីសន្តិសុខកំពូលរបស់រុស្ស៉ី លោក Sergei Shoigu ដើម្បីពិភាក្សាគ្នា នៅរដ្ឋធានីហ្សាការតា ថែមទៀត។ លោក Prabowo បានប្តេជ្ញាថា នឹងនាំឱ្យឥណ្ឌូណេស៉ីលេចមុខលេចមាត់ខ្លាំងជាងមុន នៅលើឆាកអន្តរជាតិ ធៀបទៅនឹងជំនាន់អតីតប្រធានាធិបតី លោក Joko Widodo៕