(កៀវ)៖ យោធាអ៊ុយក្រែន បាននិយាយកាលពីថ្ងៃពុធសប្តាហ៍នេះថា ខ្លួនបានវាយប្រហាររោងចក្រផលិតសារធាតុផ្ទុះរបស់រុស្ស៉ី នៅឯតំបន់ Tambov ភាគខាងលិចប្រទេសរុស្ស៉ី បណ្តាលឱ្យឆាបឆេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែមិថុនា ឆ្នាំ ២០២៥។
យោធាអ៊ុយក្រែនបរិយាយថា រោងចក្រនេះជាផ្នែកមួយដ៏សំខាន់នៃឧស្សាហកម្មយោធារុស្ស៉ី ដោយគូសបញ្ជាក់ថា «វាជាទីតាំងផលិតសារធាតុផ្ទុះ សម្រាប់អាវុធធុនតូចច្រើនប្រភេទ កាំភ្លើងធំ និងប្រព័ន្ធរ៉ុក្កែត»។
អភិបាលតំបន់ Tambov របស់រុស្ស៉ី លោក Yevgeny Pervyshov បាននិយាយថា កងកម្លាំងរុស្ស៉ី បានវាយបកការវាយប្រហារដោយដ្រូនអ៊ុយក្រែន នៅលើទីក្រុង Kotovsk នៃតំបន់ Tambov ដែលប្រព័ន្ធផ្សព្វផ្សាយឯករាជ្យមួយនៅរុស្ស៉ី កំណត់ថាវាជាទីតាំងនៃរោងចក្រផលិតសារធាតុផ្ទុះ។ លោកបន្ថែមថា ដ្រូនមួយគ្រឿងដែលបានធ្លាក់នៅទីនោះ បណ្តាលឱ្យមានអគ្គិភ័យប៉ុន្តែគ្មានអ្នករបួសទេ ហើយស្ថានការណ៍ស្ថិតក្រោមការគ្រប់គ្រង។
យោងតាមរបាយការណ៍ពីវិទ្យាស្ថាន Royal United Services និងមជ្ឈមណ្ឌល Open Source រោងចក្រ Tambov ផលិតសារធាតុផ្ទុះសម្រាប់ដាក់ក្នុងគ្រាប់រំសេវ គ្រាប់កាំភ្លើងធំ ១២២មីលីម៉ែត្រ និង ១៥២មីលីម៉ែត្រ។ យ៉ាងនេះក្តី Reuters មិនអាចផ្ទៀងផ្ទាត់ឧប្បត្តិហេតុនេះ ដោយឯករាជ្យបានទេ៕