(សេអ៊ូល)៖ យោធាកូរ៉េខាងត្បូង បានប្រកាសនៅថ្ងៃពុធ ទី១១ ខែមិថុនា ថា ខ្លួនបានផ្អាកការផ្សាយតាមឧបករណ៍បំពងសម្លេងនៅជិតព្រំដែនដែលសំដៅទៅកាន់ប្រទេសកូរ៉េខាងជើង ជិតមួយឆ្នាំបន្ទាប់ពីបានបន្តយុទ្ធនាការឃោសនា និងចាក់បទចម្រៀង K-pop នេះឡើងវិញ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១១ ខែមិថុនា ឆ្នាំ២០២៥។
ជំហាននេះ គឺធ្វើឡើងតាមការសន្យារបស់ប្រធានាធិបតីថ្មី លោក Lee Jae-myung ដែលបានចូលកាន់តំណែងក្នុងខែនេះ ដោយបានប្តេជ្ញាបន្តកិច្ចសន្ទនាជាមួយកូរ៉េខាងជើង និងកាត់បន្ថយភាពតានតឹង។ អ្នកនាំពាក្យរបស់លោកប្រធានាធិបតី លោកស្រី Kang Yu-jung បានថ្លែងថា លោក Lee បានបញ្ជាឲ្យមាន «វិធានការទប់ស្កាត់ជាមុន ដើម្បីបន្ធូរបន្ថយភាពតានតឹង កាត់បន្ថយការប្រឈមមុខដាក់គ្នាផ្នែកយោធា និងកសាងទំនុកចិត្ត»។ សមាជិកសភានៃគណបក្សកាន់អំណាច លោក Kim Byung-joo បាននិយាយថា «ឥឡូវនេះ គឺជាវេនរបស់កូរ៉េខាងជើងក្នុងការឆ្លើយតប»។
កាលពីខែកក្កដាឆ្នាំមុន យោធាកូរ៉េខាងត្បូងបានបន្តការផ្សាយតាមឧបករណ៍បំពងសម្លេងនេះឡើងវិញ ដើម្បីឆ្លើយតបនឹងការដែលកូរ៉េខាងជើងបានបាញ់បង្ហោះប៉េងប៉ោងផ្ទុកសំរាមជាច្រើន រយគ្រាប់ឆ្លងកាត់ព្រំដែន។ ទីក្រុងព្យុងយ៉ាងនៅពេលនោះបាននិយាយថា ប៉េងប៉ោងសំរាមរបស់ខ្លួន គឺជាការសងសឹកចំពោះយុទ្ធនាការរបស់សកម្មជននៅកូរ៉េខាងត្បូង ដែលតែងតែបញ្ជូនប៉េងប៉ោងផ្ទុកខិត្តប័ណ្ណប្រឆាំងទីក្រុងព្យុងយ៉ាង។
គួរបញ្ជាក់ថា អ្នករស់នៅក្បែរព្រំដែន បានត្អូញត្អែរ និងប្រឆាំងនឹងការផ្សាយតាមឧបករណ៍បំពងសម្លេង ដែលពួកគេបានស្តីបន្ទោសថាបានបង្កសំឡេងរំខានយ៉ាងខ្លាំង។ ប្រទេសកូរ៉េទាំងពីរ នៅតែស្ថិតក្នុងស្ថានភាពសង្គ្រាមជាផ្លូវការ បើគិតតាមលក្ខណៈបច្ចេកទេស ដោយសារសង្គ្រាមកូរ៉េឆ្នាំ ១៩៥០-១៩៥៣ បានបញ្ចប់ទៅដោយបទឈប់បាញ់ មិនមែនសន្ធិសញ្ញាសន្តិភាពនោះទេ៕